រដ្ឋាភិបាលថ្មី ប៊ុលហ្គារី ឈប់ជួយអាវុធអ៊ុយក្រែន ដោយអះអាងថា សង្គ្រាម មិនអាចដោះស្រាយនៅលើសមរភូមិ បានឡើយ

ប្រទេសប៊ុលហ្គារី បានប្រកាស ឈប់ជួយអាវុធដល់អ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី ដោយលើកហេតុផលច្បាស់ៗថា សង្គ្រាម មិនអាចដោះស្រាយនៅលើសមរភូមិ បានឡើយ។

តាមការផ្សាយរបស់ RT កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋាភិបាលថ្មីរបស់ទីក្រុង សូហ្វីយ៉ា បានបញ្ជាក់ពីជំហយ៉ាងច្បាស់ ហើយនេះគឺជាគោលនយោបាយមួយ ដែលគណបក្ស Progressive Bulgaria ដាក់ចេញ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតខែមេសា ជួយឲ្យបក្សឈ្នះឆ្នោត យ៉ាងភ្លូកទឹកភ្លូកដី។

ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov គូសបញ្ជាក់ថា សង្គ្រាម មិនអាចដោះស្រាយគ្នា នៅលើសមរភូមិបានឡើយ។ ដល់ពេលដែលត្រូវអង្គុយនៅតុចរចាដើម្បីស្វែងរក សន្តិភាពហើយ។

លោកលើកឡើងថា៖ «អ្វីដែលយើងកំពុងឃើញនេះ គឺជាសង្គ្រាមស៊ីសាច់ហុតឈាម ហើយមិនថាមានការផ្គត់ផ្គង់អាវុធយុទ្ធភណ្ឌ ច្រើនប៉ុនណានោះទេ លទ្ធផលតែមួយគត់របស់វា គឺការបាត់បង់អាយុជីវិត»។

សូមជម្រាបថា ក្នុងអាណត្តិរបស់រដ្ឋាភិបាលចាស់, ប៊ុលហ្គារី គឺជាប្រទេសផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវដ៏ធំបំផុតមួយ របស់សហភាពអឺរ៉ុបទៅឲ្យ អ៊ុយក្រែន។ ចាប់តាំងពីឆ្នាំ២០២២ រហូតដល់ដើមឆ្នាំ២០២៦ រដ្ឋាភិបាលមុន បានផ្ដល់កញ្ចប់ជំនួយយោធាចំនួន ១៣ លើក ដែលភាគច្រើនជាយុទ្ធោបករណ៍ សម័យសូវៀត ដែលទាហានអ៊ុយក្រែនចេះប្រើប្រាស់ស្រាប់។

ក្នុងជំនួយសំខាន់ៗនោះ មានដូចជា៖ រថពាសដែកដឹកជញ្ជូនទ័ពប្រភេទ BTR-60 ប្រមាណ ១០០ គ្រឿង ព្រមទាំងកាំភ្លើងធំស្វ័យចល័ត Gvozdika, យន្តហោះចម្បាំង Su-25 ចំនួន ១៤ គ្រឿង និងរថក្រោះ T-72M1 មួយចំនួន។

លើសពីនេះ ក៏មានប្រព័ន្ធការពារដែនអាកាសផងដែរ ដូចជាមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស S-300 និងប្រព័ន្ធបាញ់រ៉ុកកែត BM-21 Grad ទំហំ ១២២ មិល្លីម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង