អាជ្ញាធរខណ្ឌឫស្សីកែវ បិទឃ្លាំងទំនិញ ២ ទីតាំង បណ្ដោះអាសន្ន សង្ស័យស្តុក និង ចែកចាយផលិតផលនាំចូលពីថៃ

កាលពីព្រលប់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ក្រោយទទួលបានព័ត៌មានសង្ស័យមានការនាំចូល និង ស្តុកទុកទំនិញបង្កកពីប្រទេសថៃ អាជ្ញាធរខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច និង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឃ្លាំងទំនិញធំៗ ចំនួន ២ ទីតាំង ស្ថិតក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ជាលទ្ធផល រកមិនឃើញទំនិញបង្កកដូចការរាយការណ៍នោះទេ ប៉ុន្តែប្រទះឃើញផលិតផលជាច្រើនមុខមានប្រភពពីថៃ ទើបសម្រេចបិទឃ្លាំងទាំងនេះជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលរបស់ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។ ក្នុងនោះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យឹម សុជាតិ នាយកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និង ក្រឡាបញ្ជី ផងដែរ។

យោងតាមការចុះត្រួតពិនិត្យជាក់ស្ដែង កម្លាំងចម្រុះ បានធ្វើការត្រួតពិនិត្យឃ្លាំងទំនិញចំនួន ២ ដែលមានម្ចាស់តែមួយ បន្ទាប់ពីទទួលបានព័ត៌មានសង្ស័យមានការនាំចូល និង ស្តុកទុកទំនិញបង្កកពីប្រទេសថៃ។ ទោះជាយ៉ាងណា ក្រោយការត្រួតពិនិត្យយ៉ាងម៉ត់ចត់ សមត្ថកិច្ចមិនបានរកឃើញទំនិញបង្កកដូចការរាយការណ៍នោះទេ។ ប៉ុន្តែក្នុងអំឡុងពេលត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញផលិតផលជាច្រើនប្រភេទដែលនាំចូលពីប្រទេសថៃ និង ត្រូវបានស្តុកទុកនៅក្នុងឃ្លាំងទាំងពីរនោះ។ ក្នុងនោះដែរ ដោយមានការសង្ស័យថា ផលិតផលទាំងនេះ អាចពាក់ព័ន្ធនឹងការនាំចូល ការស្តុកទុក ការធ្វើចរាចរ និង ការចែកចាយដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវពីស្ថាប័នមានសមត្ថកិច្ច លោកស្រីព្រះរាជអាជ្ញារង បានបញ្ជាឲ្យមន្ត្រីជំនាញអនុវត្តវិធានការបិទឃ្លាំងទាំងពីរជាបណ្ដោះអាសន្ន។

ប្រភពពីអាជ្ញាធរ បានឲ្យដឹងថា ការបិទឃ្លាំងជាបណ្ដោះអាសន្ននេះ ដើម្បីរក្សាទុកវត្ថុតាង និង ផ្តល់លទ្ធភាពឲ្យមន្ត្រីជំនាញបន្តស្រាវជ្រាវពិនិត្យឯកសារពាក់ព័ន្ធនឹងប្រភពដើមទំនិញ ការនាំចូល ពន្ធអាករ និង ច្បាប់អនុញ្ញាតផ្សេងៗ មុននឹងឈានទៅសម្រេចចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង