សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន លោក ថងលុន ស៊ីសូលីត អបអរសាទរចំពោះខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតជូន លោក Thongloun SISOULITH ប្រធានរដ្ឋ និងជាអគ្គលេខាធិការនៃគណបក្សប្រជាជនបដិវត្តន៍ឡាវ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមជូនពរសព្ទសាធុការជូនលោកអគ្គលេខាធិការ, គណបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ។

តាមរយៈសាលលិខិត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នេះពិតជាឱកាសដ៏ល្អមួយដើម្បីពង្រឹងមិត្តភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការរបស់យើង ដែលមានអាយុកាលរាប់រយឆ្នាំ មុនការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៥៦។

សម្ដេចបានបង្ហាញពីសេចក្តីសោមនស្សរីករាយដែលបានសង្កេតឃើញថា ចំណងទំនាក់ទំនងទ្វេភាគីដ៏ពិសេសរបស់ប្រទេសទាំងពីរ ត្រូវបានបន្តផ្តល់តម្លៃ និងពង្រឹង ក្រោមស្មារតីនៃភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា នៅក្នុងបរិបទនៃបញ្ហាប្រឈម និងភាពស្មុគស្មាញជាសកលដែលមិនអាចប៉ាន់ស្មានជាមុនបាន ពិតជាមានសារៈសំខាន់ និងពាក់ព័ន្ធកាន់តែខ្លាំង ដែលយើងត្រូវបន្តស្រុះស្រួលគ្នា និងធ្វើការងារ ប្រកៀកស្មាគ្នា ដើម្បីពង្រឹងភាពជាដៃគូរបស់យើងបន្ថែមទៀត និងទាញយកអត្ថប្រយោជន៍ពីសក្តានុពលរបស់ប្រទេស យើងសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលតាមរយៈនេះ នឹងរួមចំណែកដល់ សន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងនៅក្នុងតំបន់អាស៊ាន និងពិភពលោក។

ខណៈពេលដែលយើងរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្តេចសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ឥតងាករេរបស់ខ្ញុំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកអគ្គលេខាធិការ។ យើងនឹងបន្តរួមគ្នាធ្វើឱ្យស៊ីជម្រៅនូវកិច្ច សហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងការជឿជាក់ទៅវិញទៅមក រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំងពីរ ដើម្បីឧត្តមប្រយោជន៍នៃប្រជាជន និងប្រជាជាតិយើងទាំង៕

អត្ថបទដែលជាប់ទាក់ទង