សហរដ្ឋអាមេរិក ដកការបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់ វិញហើយ

សហរដ្ឋអាមេរិក បានដកការបិទខ្ទប់លើផ្លូវទឹករបស់អ៊ីរ៉ង់ ហើយ ក្រោយភាគីទាំងពីរ ព្រមព្រៀងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។

ច្រក Hormuz

តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ថា ការបិទខ្ទប់ទាំងអស់ ត្រូវបានបញ្ឈប់ហើយ ក្នុងអំឡុងពេលឱកាស ៦០ថ្ងៃនេះ ប៉ុន្តែ ទោះការរឹតបន្តឹងត្រូវបានបញ្ចប់មែន ក៏នាវាចម្បាំងរបស់សហរដ្ឋអាមេរិក នឹងបន្តស្ថិតនៅក្នុងតំបន់នោះ ដើម្បីតាមដានមើល ការអនុលោមតាមកិច្ចព្រមព្រៀង។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក Pete Hegseth ក៏ព្រមានដែរថា ទីក្រុងវ៉ាស៊ីនតោនត្រៀមលក្ខណៈរួចជាស្រេច ក្នុងការដាក់ការបិទខ្ទប់ «កម្រិតដែកថែប» សាជាថ្មីម្តងទៀត ប្រសិនបើអ៊ីរ៉ង់ មិនព្រមបោះបង់ចោល មហិច្ឆតាអាវុធនុយក្លេអ៊ែររបស់ខ្លួន ទេនោះ។

លោក Pete Hegseth

លក្ខខណ្ឌនៃការដកការបិទខ្ទប់នេះ មានចែងក្នុង ខ ទី៤ នៃ MoU ១៤ចំណុច ដែលអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាជាមួយគ្នា។ ក្នុងនោះចែងថា៖ ភ្លាមៗបន្ទាប់ពីការចុះហត្ថលេខា អាមេរិក នឹងចាប់ផ្តើមដកការបិទខ្ទប់ផ្លូវទឹក និងរាល់ការរំខាន ឬឧបសគ្គនានា ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ហើយនឹងបញ្ចប់ការបិទខ្ទប់ផ្លូវទឹកទាំងស្រុង ក្នុងរយៈពេល ៣០ថ្ងៃ។

ក្នុងអំឡុងពេលនោះ ការធ្វើចរាចរណ៍របស់នាវា នឹងត្រូវស្តារឡើងវិញដោយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ឲ្យសមាមាត្រទៅនឹងចំនួនចរាចរណ៍ កាលពីមុនពេលមានសង្រ្គាម។ សហរដ្ឋអាមេរិក ក៏សន្យាបន្ថែមទៀតថា នឹងដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ក្បែរខាងនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងចុងក្រោយ ត្រូវបានសម្រេច។

ច្រក Hormuz

សូមជម្រាបថា អាមេរិក ចាប់ផ្តើមដាក់ការបិទខ្ទប់ផ្លូវទឹក និងកំពង់ផែអ៊ីរ៉ង់ជាផ្លូវការ នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦ ជាមួយគោលបំណង កាត់ផ្តាច់ការនាំចេញប្រេង និងលំហូរសាច់ប្រាក់របស់របបដឹកនាំអ៊ីរ៉ង់។

ទោះបីជាយ៉ាងណាក៏ដោយ ចំណាត់ការនេះ ហាក់មិនទទួលបានជោគជ័យឡើយ ព្រោះទីក្រុងតេហេរ៉ង់ នៅតែទទួលបានការផ្គត់ផ្គង់ ផ្នែកហិរញ្ញវត្ថុ មិនចេះដាច់៕

អត្ថបទដែលជាប់ទាក់ទង