សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជំហររបស់កម្ពុជាលើទំនាក់ទំនង​ជាមួយរុស្ស៊ី​នៅតែមិនផ្លាស់ប្តូរ ទោះបីភូមិសាស្ត្រនយោបាយមានការផ្លាស់ប្តូរយ៉ាងណាក្តី

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជំហរដ៏ម៉ឹង​ម៉ាត់​របស់កម្ពុជាមិនផ្លាស់ប្តូរនោះឡើយចំពោះទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី បើទោះបីភូមិ​សាស្ត្រ​នយោបាយបច្ចុប្បន្នមានការផ្លាស់ប្តូរយ៉ាងណាក្តី។

សម្តេចមហាបវរធិបតី បានគូសបញ្ជាក់បែបនេះនៅចំពោះមុខលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសរុស្ស៊ី។

មុននឹងចាកចេញពីប្រទេសរុស្ស៊ីក្រោយបញ្ចប់កិច្ចប្រជុំកំពូលរំលឹកខួបទំនាក់ទំនងរុស្ស៊ី-អាស៊ានលើកទី៣៥ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់ ជួបប្រជុំទ្វេភាគីជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី។

ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ លោក ពូទីន បានរំលឹកពីប្រវត្តិនៃទំនាក់ទំនងរវាងរុស្ស៊ី និងកម្ពុជា ដោយបានគូសរំលេចពីការប្រារព្ធពិធីអបអរសាទរខួប៧០ឆ្នាំ រវាងរុស្ស៊ី និងកម្ពុជាកាលពីខែឧសភាកន្លងទៅ។

លោកប្រធានាធិបតី ក៏បានរំលឹកពីការជួយរបស់រុស្ស៊ីក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជាតាំងពីទសវត្សរ៍៨០ ហើយមន្ទីរពេទ្យ និងវិទ្យាស្ថានបច្ចេកវិទ្យាធំមួយ ត្រូវបានសាងសង់។ បន្ថែមពីលើនោះ ហេដ្ឋារចនា​សម្ព័ន្ធថាមពល កសិកម្ម ទូរគមនាគមន៍ និងដឹកជញ្ជូនតាមសមុទ្រ ត្រូវបានដាក់ឱ្យ​ដំណើរ​ការ ហើយ​ភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះរហូតមកដល់បច្ចុប្បន្ន នៅតែបន្តបម្រើផល​ប្រយោជន៍​ដល់ប្រជាជនកម្ពុជា។

លោកប្រធានាធិបតី បានរំលេចថា សព្វថ្ងៃនេះ ទំនាក់ទំនងរុស្ស៊ី-កម្ពុជា បន្តអភិវឌ្ឍជាលំដាប់។​នៅចុង​ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២ភាគរយ។ ជាការពិតណាស់ នេះគឺជាតួលេខតូចមួយ។ តួលេខនេះមិនបំពេញតាមសក្តានុពល ដែលរុស្ស៊ី និងកម្ពុជាមាន​នោះទេ។

លោក ពូទីន បានលើកឡើងថា ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេស​ទាំងពីរ រដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្ម។

លោកប្រធានាធិបតី បានលើកឡើងថា រុស្ស៊ី ចាប់អារម្មណ៍ក្នុងការពង្រីកទំនាក់ទំនងរវាង​សហគមន៍​​​ធុរកិច្ចនៃប្រទេសទាំងពីរ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុន​រុស្ស៊ីធំៗបាន​ទៅទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Vazgas, Kamaz, Muratorg និងក្រុមហ៊ុនផ្សេងៗ​ទៀត។ គណៈប្រតិភូកម្ពុជា មានវត្តមាននៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ដែលបានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមិថុនា។

លោកពូទីន បានអញ្ជើញក្រុមហ៊ុនរបស់កម្ពុជាឱ្យចូលរួមក្នុង «វេទិកាសេដ្ឋកិច្ចភាគខាងកើត» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា និង «សប្តាហ៍ថាមពលរុស្ស៊ី» នៅទីក្រុងមូស្គូក្នុងខែតុលាឆ្នាំ២០២៦នេះ។

លោកប្រធានាធិបតី បានលើកឡើងពីវិស័យវប្បធម៌ និងមនុស្សធម៌ រវាងប្រទេសទាំងពីរដែល កំពុងត្រូវបានពង្រឹង។ នៅក្នុងខែមីនា នៅរាជធានីភ្នំពេញ «ទិវាវប្បធម៌រុស្ស៊ី» ត្រូវបានធ្វើឡើង​ដោយជោគជ័យ។ បន្ថែមពីលើនោះ រុស្ស៊ី បន្តជួយកម្ពុជាក្នុងការរៀបចំ និងបណ្តុះបណ្តាល​ធនធាន​មនុស្ស។ ពលរដ្ឋកម្ពុជាជាង ៨០០០នាក់​ បានទទួលការអប់រំកម្រិតខ្ពស់នៅប្រទេសរុស្ស៊ីរួចហើយ ហើយឥឡូវនេះនិស្សិតកម្ពុជាចំនួន ១៦០នាក់កំពុងសិក្សាក្នុងឆ្នាំសិក្សានេះ។ អាហារូបករណ៍ចំនួន ៦៣ផ្សេងទៀតត្រូវបានផ្តល់ជូន។

លោកពូទីន បានបង្ហាញក្តីរីករាយចំពោះទំនាក់ទំនងល្អរវាងរុស្ស៊ី និងកម្ពុជា «យើងមានទំនាក់​ទំនង​យូរអង្វែង។ បរិមាណនៃកិច្ចសហប្រតិបត្តិការរបស់យើងកំពុងកើនឡើង ហើយយើងមាន​សេចក្តី​សោមនស្សរីករាយយ៉ាងខ្លាំង»

ជាការឆ្លើយតបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំ២០២៦នេះ គឺជា​ព្រឹត្តិ​ការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររួមរបស់កម្ពុជា និងរុស្ស៊ី នោះគឺខួបលើកទី៧០ឆ្នាំ នៃទំនាក់​ទំនងការទូតប្រទេសទាំងពីរ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ប្រាំពីរទសវត្សរ៍​កន្លងមកនេះ កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមិត្តភាពប្រពៃណី និងកិច្ចសហ​ប្រតិ​បត្តិ​ការយូរអង្វែងជាមួយរុស្ស៊ី។

សម្តេចមហាបវរធិបតី បានបញ្ជាក់ដូច្នេះ «យើងតែងតែចងចាំដោយការដឹងគុណយ៉ាងជ្រាលជ្រៅ និងជំនួយ និងការគាំទ្រដ៏មានតម្លៃរបស់អតីតសហភាពសូវៀត​ដែលបានផ្តល់ជូនដល់​ប្រទេស​កម្ពុជាក្នុងអំឡុងពេលដ៏លំបាកបំផុតរបស់យើងនៅក្នុងប្រវត្តិសាស្ត្ររបស់យើង បន្ទាប់ពីការដួល​រលំភ្លាមៗនៃរបបប៉ុលពតក្នុងឆ្នាំ១៩៧៩»

សម្តេចមហាបវរធិបតី បន្ថែមថា «យើងក៏សូមកោតសរសើរចំពោះការរួមចំណែក​យ៉ាងសំខាន់​ជាបន្ត​បន្ទាប់របស់រុស្ស៊ីចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំមកនេះ។ ទោះបីជាមានការផ្លាស់ប្តូរ​ទិដ្ឋភាពភូមិសាស្ត្រនយោបាយក៏ដោយ ជំហររបស់​កម្ពុជា​លើទំនាក់ទំនងរបស់ខ្លួន​ជាមួយរុស្ស៊ី​នៅតែមិនផ្លាស់ប្តូរ។ ដោយផ្អែកលើការជឿទុក​ចិត្តខាង​នយោបាយ ការគាំទ្រគ្នាទៅវិញទៅមក ការគោរព និងផលប្រយោជន៍រួម រុស្ស៊ីនៅតែជា​ដៃគូយូរ​អង្វែង និងគួរឱ្យទុកចិត្តរបស់កម្ពុជា»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ជាបន្តបន្ទាប់​របស់រុស្ស៊ីនៅក្នុងកិច្ចការតំបន់ និងសកល​លោក រួមទាំងការជំរុញតួនាទីរបស់អង្គការ​សហ​ប្រជា​ជាតិ ការបង្កើនសំឡេងនៃភាគខាង​ត្បូង​សកល និងការលើកកម្ពស់ការតភ្ជាប់ RU-ASEAN៕

 

អត្ថបទដែលជាប់ទាក់ទង