ឃាត់ខ្លួនជនបរទេស៩នាក់ នៅខណ្ឌ៧មករាករណីលួចលាក់ធ្វើសកម្មភាព Online Scams និងពាក់ព័ន្ធគ្រឿងញៀន
ជនជាតិវៀតណាម៦នាក់ និងទូរស័ព្ទដៃ កំព្យូទ័រ ជាសម្ភារៈ ពាក់ព័ន្ធបទល្មើស online scams និងជនសង្ស័យ០៣នាក់ រួមទាំងគ្រឿងញៀន មួយចំនួនបន្ថែមទៀត ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌ៧មករា ឃាត់ខ្លួនក្នុងប្រតិបត្តិការចុះរដ្ឋបាលត្រួតពិនិត្យទីតាំងសង្ស័យ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការសម្របសម្រួល ពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ធ្វើការចុះត្រួតពិនិត្យតាមទីតាំងអាគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានខណ្ឌ៧មករា។


ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានពិនិត្យឃើញនៅជាន់ទី០៨ មានជនបរទេស ចំនួន០៦នាក់ ជនជាតិ វៀតណាម និងសម្ភារៈ រួមមាន៖ ១. Laptop បោះចោលពីបន្ទប់ជាន់ទី៨ មកខាងក្រោមបំផ្លាញចោល), ២.ទូរស័ព្ទមួយចំនួន មានជាប់ពាក់ព័ន្ធការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scams)។



បន្ថែមទៀតក្នុងប្រតិបត្តិការ បទល្មើសonline scams កម្លាំងចម្រុះត្រួតពិនិត្យ នៅជាន់ទី១១ និងជាន់ទី១៥ ឃាត់ខ្លួនមនុស្សចំនួន០៣នាក់ ពាក់ព័ន្ធគ្រឿងញៀននិងដកហូតបានមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៦នាក់ និងសម្ភារៈ ពាក់ព័ន្ធ Online scams ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា និងជនសង្ស័យ០៣នាក់ពាក់ព័ន្ធគ្រឿងញៀន បញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត៕






