កិច្ចប្រជុំនៅស្វីសរវាងអាមេរិក-អ៊ីរ៉ង់ ត្រូវផ្អាក ក្រោយអ៊ីស្រាអែលនៅរឹងទទឹង មិនព្រមឈប់វាយលីបង់
គម្រោងចរចាសន្តិភាពដ៏សំខាន់មួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងតែជួបឧបសគ្គបន្តិចបន្តួច បន្ទាប់ពីសេតវិមានបានប្រកាសថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានសម្រេចចិត្តពន្យារពេលការធ្វើដំណើរទៅកាន់ប្រទេសស្វីស ដែលជាទីកន្លែងគ្រោងទុកសម្រាប់ដឹកនាំការចរចាជុំថ្មីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

យោងតាមការផ្សាយរបស់ Bloomberg នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ខាងភាគីអាមេរិកបានលេសថា ការពន្យារពេលនេះ គឺដោយសារបញ្ហាភស្តុភារនៃការរៀបចំកិច្ចចរចា មានភាពស្មុគស្មាញ។ យ៉ាងណាមិញ ការប្រកាសនេះ ត្រូវគេដឹងថាកើតឡើងភ្លាមៗ បន្ទាប់ពីមានព័ត៌មានលេចឮថា ភាគីអ៊ីរ៉ង់ក៏បានបង្អង់ការបញ្ជូនប្រតិភូរបស់ខ្លួនទៅកាន់ប្រទេសស្វីសដូចគ្នា ដោយសារតែអ៊ីស្រាអែល នៅតែបន្តវាយប្រហារលើប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
ដ្បិតការចរចាត្រូវគាំងមួយជំហានក៏ដោយ ក៏សញ្ញាវិជ្ជមានខ្លះបានលេចឡើង បន្ទាប់ពីអាមេរិកបានប្រកាសដកការបិទខ្ទប់ផ្លូវទឹក ដែលអនុញ្ញាតឱ្យនាវាដឹកប្រេងអ៊ីរ៉ង់អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដ៏សំខាន់ឡើងវិញ បន្ទាប់ពីកកស្ទះអស់រយៈពេលជាច្រើនខែ។ លោក JD Vance ក៏បានចេញមុខការពារកិច្ចព្រមព្រៀងនេះផងដែរ បន្ទាប់ពីមានការរិះគន់ពីសមាជិកសភាអាមេរិកមួយចំនួន ដែលបារម្ភថា អាមេរិកហាក់ដូចជាផ្តល់ការសម្បទាន និងលុយជំនួយស្តារប្រទេសឡើងវិញដល់ទៅ ៣០០ពាន់លានដុល្លារទៅឱ្យអ៊ីរ៉ង់ច្រើនពេក។ លោកបានពន្យល់ថា បើអ៊ីរ៉ង់ធ្វើខ្លួនល្អ អាមេរិកនឹងបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច ប៉ុន្តែបើអ៊ីរ៉ង់នៅតែឌឺដង អាមេរិកនឹងលែងសន្ធោសប្រណីទៀតហើយ។
ងាកមកមើលខាងភាគីអ៊ីរ៉ង់វិញ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Mojtaba Khamenei បានចេញមុខគាំទ្រការចរចាដោយផ្ទាល់នេះជាលើកដំបូង បើទោះបីជាលោកធ្លាប់រងរបួសក្នុងសង្គ្រាម និងមិនទាន់បង្ហាញខ្លួនជាសាធារណៈក៏ដោយ។ លោកបានបញ្ជាក់ថា ការចរចាទល់មុខគ្នានេះ មិនមែនមានន័យថា អ៊ីរ៉ង់ត្រូវចុះចាញ់តាមគំនិតរបស់សត្រូវនោះឡើយ។ ប្រភពផ្ទៃក្នុងបានបង្ហើបថា អ៊ីរ៉ង់បានយល់ព្រមតាមកិច្ចព្រមព្រៀង ដោយនឹងអនុញ្ញាតឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចូលទៅត្រួតពិនិត្យ និងស្វែងរកទីតាំងផ្ទុកសារធាតុនុយក្លេអ៊ែររបស់ខ្លួន ដែលត្រូវបានគេជឿថាបានកប់នៅក្រោមគំនរបាក់បែក។
ខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមធូរស្រាលបន្តិច ដោយសារតម្លៃប្រេងធ្លាក់ចុះ និងផ្សារភាគហ៊ុនងើបឡើងវិញ ក្រោយការចុះហត្ថលេខារវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក JD Vance ក៏បានផ្ញើសារព្រមានចំៗទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរ។ លោកបានរំលឹកអ៊ីស្រាអែលថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺជាមេដឹកនាំតែម្នាក់គត់នៅលើលោកដែលយល់ចិត្ត និងគាំទ្រអ៊ីស្រាអែលនៅពេលនេះ ហើយលោកក៏ជាមេដឹកនាំប្រទេសមហាអំណាចកំពូលផងដែរ ដូច្នេះអ៊ីស្រាអែលមិនគួរធ្វើអ្វីដែលនាំឱ្យរំខានដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ដែលអាមេរិកកំពុងធ្វើជាមួយអ៊ីរ៉ង់នោះទេ៕
