កិច្ចប្រជុំ​នៅ​ស្វីសរវាង​អាមេរិក-អ៊ីរ៉ង់ ត្រូវ​ផ្អាក ក្រោយ​អ៊ីស្រាអែល​នៅ​រឹងទទឹង ​មិន​ព្រម​ឈប់​វាយ​លីបង់

គម្រោងចរចាសន្តិភាពដ៏សំខាន់មួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងតែជួបឧបសគ្គបន្តិចបន្តួច បន្ទាប់ពីសេតវិមានបានប្រកាសថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានសម្រេចចិត្តពន្យារពេលការធ្វើដំណើរទៅកាន់ប្រទេសស្វីស ដែលជាទីកន្លែងគ្រោងទុកសម្រាប់ដឹកនាំការចរចាជុំថ្មីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក JD Vance 

យោងតាមការ​ផ្សាយ​របស់ Bloomberg នា​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៦ នេះ ខាងភាគីអាមេរិកបានលេសថា ការពន្យារពេលនេះ គឺដោយសារបញ្ហាភស្តុភារនៃការរៀបចំកិច្ចចរចា មានភាពស្មុគស្មាញ។ យ៉ាងណាមិញ ការប្រកាសនេះ ត្រូវ​គេ​ដឹង​ថា​កើតឡើងភ្លាមៗ បន្ទាប់ពីមានព័ត៌មានលេចឮថា ភាគីអ៊ីរ៉ង់ក៏បានបង្អង់ការបញ្ជូនប្រតិភូរបស់ខ្លួនទៅកាន់ប្រទេសស្វីសដូចគ្នា ដោយសារតែអ៊ីស្រាអែល នៅតែបន្តវាយប្រហារលើប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។

ដ្បិត​ការចរចាត្រូវគាំងមួយជំហានក៏ដោយ ក៏​សញ្ញាវិជ្ជមានខ្លះបានលេចឡើង បន្ទាប់ពីអាមេរិកបានប្រកាសដកការបិទខ្ទប់ផ្លូវទឹក ដែលអនុញ្ញាតឱ្យនាវាដឹកប្រេង​អ៊ីរ៉ង់​អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដ៏សំខាន់ឡើងវិញ បន្ទាប់ពីកកស្ទះអស់រយៈពេលជាច្រើនខែ។ លោក JD Vance ក៏បានចេញមុខការពារកិច្ចព្រមព្រៀងនេះផងដែរ បន្ទាប់ពីមានការរិះគន់ពីសមាជិកសភាអាមេរិកមួយចំនួន ដែលបារម្ភថា អាមេរិកហាក់ដូចជាផ្តល់ការសម្បទាន និងលុយជំនួយស្តារប្រទេសឡើងវិញដល់ទៅ ៣០០ពាន់លានដុល្លារទៅឱ្យអ៊ីរ៉ង់ច្រើនពេក។ លោកបានពន្យល់ថា បើអ៊ីរ៉ង់ធ្វើខ្លួនល្អ អាមេរិកនឹងបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច ប៉ុន្តែបើអ៊ីរ៉ង់នៅតែឌឺដង អាមេរិកនឹងលែងសន្ធោសប្រណី​ទៀត​ហើយ។

ងាកមកមើលខាងភាគីអ៊ីរ៉ង់វិញ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Mojtaba Khamenei បានចេញមុខគាំទ្រការចរចាដោយផ្ទាល់នេះជាលើកដំបូង បើទោះបីជាលោកធ្លាប់រងរបួសក្នុងសង្គ្រាម និងមិនទាន់បង្ហាញខ្លួនជាសាធារណៈក៏ដោយ។ លោកបានបញ្ជាក់ថា ការចរចាទល់មុខគ្នានេះ មិនមែនមានន័យថា អ៊ីរ៉ង់ត្រូវចុះចាញ់តាមគំនិតរបស់សត្រូវនោះឡើយ។ ប្រភពផ្ទៃក្នុងបានបង្ហើបថា អ៊ីរ៉ង់បានយល់ព្រមតាមកិច្ចព្រមព្រៀង ដោយនឹងអនុញ្ញាតឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចូលទៅត្រួតពិនិត្យ និងស្វែងរកទីតាំងផ្ទុកសារធាតុនុយក្លេអ៊ែររបស់ខ្លួន ដែលត្រូវបានគេជឿថាបានកប់នៅក្រោមគំនរបាក់បែក។

ខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមធូរស្រាលបន្តិច ដោយសារតម្លៃប្រេងធ្លាក់ចុះ និងផ្សារភាគហ៊ុនងើបឡើងវិញ ក្រោយការចុះហត្ថលេខារវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក JD Vance ក៏បានផ្ញើសារព្រមានចំៗទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរ។ លោកបានរំលឹកអ៊ីស្រាអែលថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺជាមេដឹកនាំតែម្នាក់គត់នៅលើលោកដែលយល់ចិត្ត និងគាំទ្រអ៊ីស្រាអែលនៅពេលនេះ ហើយលោកក៏ជាមេដឹកនាំប្រទេសមហាអំណាចកំពូលផងដែរ ដូច្នេះអ៊ីស្រាអែលមិនគួរធ្វើអ្វីដែលនាំឱ្យរំខានដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ដែលអាមេរិកកំពុងធ្វើជាមួយអ៊ីរ៉ង់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង