សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជំហររបស់កម្ពុជាលើទំនាក់ទំនងជាមួយរុស្ស៊ីនៅតែមិនផ្លាស់ប្តូរ ទោះបីភូមិសាស្ត្រនយោបាយមានការផ្លាស់ប្តូរយ៉ាងណាក្តី
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជំហរដ៏ម៉ឹងម៉ាត់របស់កម្ពុជាមិនផ្លាស់ប្តូរនោះឡើយចំពោះទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី បើទោះបីភូមិសាស្ត្រនយោបាយបច្ចុប្បន្នមានការផ្លាស់ប្តូរយ៉ាងណាក្តី។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់បែបនេះនៅចំពោះមុខលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសរុស្ស៊ី។
មុននឹងចាកចេញពីប្រទេសរុស្ស៊ីក្រោយបញ្ចប់កិច្ចប្រជុំកំពូលរំលឹកខួបទំនាក់ទំនងរុស្ស៊ី-អាស៊ានលើកទី៣៥ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ជួបប្រជុំទ្វេភាគីជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី។
ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ លោក ពូទីន បានរំលឹកពីប្រវត្តិនៃទំនាក់ទំនងរវាងរុស្ស៊ី និងកម្ពុជា ដោយបានគូសរំលេចពីការប្រារព្ធពិធីអបអរសាទរខួប៧០ឆ្នាំ រវាងរុស្ស៊ី និងកម្ពុជាកាលពីខែឧសភាកន្លងទៅ។
លោកប្រធានាធិបតី ក៏បានរំលឹកពីការជួយរបស់រុស្ស៊ីក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជាតាំងពីទសវត្សរ៍៨០ ហើយមន្ទីរពេទ្យ និងវិទ្យាស្ថានបច្ចេកវិទ្យាធំមួយ ត្រូវបានសាងសង់។ បន្ថែមពីលើនោះ ហេដ្ឋារចនាសម្ព័ន្ធថាមពល កសិកម្ម ទូរគមនាគមន៍ និងដឹកជញ្ជូនតាមសមុទ្រ ត្រូវបានដាក់ឱ្យដំណើរការ ហើយភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះរហូតមកដល់បច្ចុប្បន្ន នៅតែបន្តបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។
លោកប្រធានាធិបតី បានរំលេចថា សព្វថ្ងៃនេះ ទំនាក់ទំនងរុស្ស៊ី-កម្ពុជា បន្តអភិវឌ្ឍជាលំដាប់។នៅចុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២ភាគរយ។ ជាការពិតណាស់ នេះគឺជាតួលេខតូចមួយ។ តួលេខនេះមិនបំពេញតាមសក្តានុពល ដែលរុស្ស៊ី និងកម្ពុជាមាននោះទេ។
លោក ពូទីន បានលើកឡើងថា ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ រដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្ម។
លោកប្រធានាធិបតី បានលើកឡើងថា រុស្ស៊ី ចាប់អារម្មណ៍ក្នុងការពង្រីកទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុនរុស្ស៊ីធំៗបានទៅទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Vazgas, Kamaz, Muratorg និងក្រុមហ៊ុនផ្សេងៗទៀត។ គណៈប្រតិភូកម្ពុជា មានវត្តមាននៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ដែលបានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមិថុនា។
លោកពូទីន បានអញ្ជើញក្រុមហ៊ុនរបស់កម្ពុជាឱ្យចូលរួមក្នុង «វេទិកាសេដ្ឋកិច្ចភាគខាងកើត» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា និង «សប្តាហ៍ថាមពលរុស្ស៊ី» នៅទីក្រុងមូស្គូក្នុងខែតុលាឆ្នាំ២០២៦នេះ។
លោកប្រធានាធិបតី បានលើកឡើងពីវិស័យវប្បធម៌ និងមនុស្សធម៌ រវាងប្រទេសទាំងពីរដែល កំពុងត្រូវបានពង្រឹង។ នៅក្នុងខែមីនា នៅរាជធានីភ្នំពេញ «ទិវាវប្បធម៌រុស្ស៊ី» ត្រូវបានធ្វើឡើងដោយជោគជ័យ។ បន្ថែមពីលើនោះ រុស្ស៊ី បន្តជួយកម្ពុជាក្នុងការរៀបចំ និងបណ្តុះបណ្តាលធនធានមនុស្ស។ ពលរដ្ឋកម្ពុជាជាង ៨០០០នាក់ បានទទួលការអប់រំកម្រិតខ្ពស់នៅប្រទេសរុស្ស៊ីរួចហើយ ហើយឥឡូវនេះនិស្សិតកម្ពុជាចំនួន ១៦០នាក់កំពុងសិក្សាក្នុងឆ្នាំសិក្សានេះ។ អាហារូបករណ៍ចំនួន ៦៣ផ្សេងទៀតត្រូវបានផ្តល់ជូន។
លោកពូទីន បានបង្ហាញក្តីរីករាយចំពោះទំនាក់ទំនងល្អរវាងរុស្ស៊ី និងកម្ពុជា «យើងមានទំនាក់ទំនងយូរអង្វែង។ បរិមាណនៃកិច្ចសហប្រតិបត្តិការរបស់យើងកំពុងកើនឡើង ហើយយើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង»។
ជាការឆ្លើយតបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំ២០២៦នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររួមរបស់កម្ពុជា និងរុស្ស៊ី នោះគឺខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ប្រាំពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរុស្ស៊ី។
សម្តេចមហាបវរធិបតី បានបញ្ជាក់ដូច្នេះ «យើងតែងតែចងចាំដោយការដឹងគុណយ៉ាងជ្រាលជ្រៅ និងជំនួយ និងការគាំទ្រដ៏មានតម្លៃរបស់អតីតសហភាពសូវៀតដែលបានផ្តល់ជូនដល់ប្រទេសកម្ពុជាក្នុងអំឡុងពេលដ៏លំបាកបំផុតរបស់យើងនៅក្នុងប្រវត្តិសាស្ត្ររបស់យើង បន្ទាប់ពីការដួលរលំភ្លាមៗនៃរបបប៉ុលពតក្នុងឆ្នាំ១៩៧៩»។
សម្តេចមហាបវរធិបតី បន្ថែមថា «យើងក៏សូមកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់ជាបន្តបន្ទាប់របស់រុស្ស៊ីចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ទោះបីជាមានការផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយក៏ដោយ ជំហររបស់កម្ពុជាលើទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីនៅតែមិនផ្លាស់ប្តូរ។ ដោយផ្អែកលើការជឿទុកចិត្តខាងនយោបាយ ការគាំទ្រគ្នាទៅវិញទៅមក ការគោរព និងផលប្រយោជន៍រួម រុស្ស៊ីនៅតែជាដៃគូយូរអង្វែង និងគួរឱ្យទុកចិត្តរបស់កម្ពុជា»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ជាបន្តបន្ទាប់របស់រុស្ស៊ីនៅក្នុងកិច្ចការតំបន់ និងសកលលោក រួមទាំងការជំរុញតួនាទីរបស់អង្គការសហប្រជាជាតិ ការបង្កើនសំឡេងនៃភាគខាងត្បូងសកល និងការលើកកម្ពស់ការតភ្ជាប់ RU-ASEAN៕
