សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកម្ពុជា និងបេឡារុស ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះផ្លែផ្កាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងបេឡារុស។ តែទោះជាយ៉ាងណា សម្តេចតេជោ ចង់ឱ្យជំរុញបន្ថែមចំពោះកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យការពារជាតិ។
នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងរីករាយដែលជួបជាមួយលោកឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា។ សម្ដេចតេជោ ក៏បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងបេឡារុស ហើយសង្ឃឹមថា ក្នុងបេសកកម្មរបស់លោក នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងបេឡារុស កាន់តែរឹងមាំបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូតបេឡារុស អរគុណសម្ដេចតេជោ អនុញ្ញាតឱ្យរូបលោក បានជួបសម្ដែងការគួរសម។ លោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបេឡារុស ដែលមានជាយូរមកហើយ និងរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសបេឡារុសនាពេលកន្លងទៅ ជាពិសេសនៅក្នុងឆ្នាំ២០១៤ នៅពេលដែលសម្ដេចតេជោនៅជានាយករដ្ឋមន្ត្រី ដែលបានពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
បន្ថែមពីលើសពីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា កម្ពុជា និងបេឡារុស មានគោលដៅស្រដៀងគ្នា ដូច្នេះហើយប្រទេសទាំងពីរត្រូវតែពង្រឹងទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងទាក់ទងកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរនៅមានសក្តានុពល ហើយត្រូវធ្វើជាមួយគ្នា។ លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោថា បេឡារុស និងកម្ពុជា គួរតែមានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ ដោយក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ ប្រទេសទាំងពីរត្រូវតែជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយគ្នាឱ្យមានការកើនឡើង។ សម្រាប់បេឡារុស គឺមានការចាប់អារម្មណ៍ទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្នែកត្រាក់ទ័រ បម្រើដល់វិស័យកសិកម្ម។
លោកឯកអគ្គរដ្ឋទូត ក៏ចង់ជំរុញឱ្យប្រទេសទាំងពីរមានជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងទេសចរណ៍នៃប្រទេសទាំងពីរ ក៏អាចទៅទស្សនាបេឡារុស ហើយប្រជាជនបេឡារុសក៏អាចមកទស្សនានៅកម្ពុជាបាន។ បន្ថែមពីលើពីនេះ លោកឯកអគ្គរដ្ឋទូត បានរំលេចអំពីការបង្កើនអាហារូបករណ៍ ជាពិសេសការផ្លាស់ប្ដូរនិស្សិតរវាងកម្ពុជា និងបេឡារុស ឱ្យមានការកើនឡើងបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតបេឡារុស ក្នុងការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា-បេឡារុស។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងវិស័យការពារជាតិ និងវិស័យនានា ដែលធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕