លោក ត្រាំ ធានាមិនឲ្យមានការចាប់ខ្លួន ណេតាន់យ៉ាហ៊ូ ទោះបីរងការគំរាមពីអភិបាលក្រុងញ៉ូវយ៉ក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធានាអះអាងនៅថ្ងៃចន្ទ ថា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងមិនត្រូវបានចាប់ខ្លួនទេ ទោះបីជារូបលោក មកទស្សនកិច្ចទីក្រុងញូវយ៉ក ចំពេលមានការគំរាមចាប់ខ្លួនដើម្បីអនុវត្តដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ដោយអភិបាលក្រុងដែលកាន់សាសនាឥស្លាម លោក Zohran Mamdani ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ។

លោក ត្រាំ បានទទូចថា លោក ណេតាន់យ៉ាហ៊ូ គឺជាសម្ព័ន្ធមិត្តសំខាន់មួយរូបនៅក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ហើយ លោកមានសេរីភាពក្នុងការមកកាន់ទីក្រុងនេះ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅខែកញ្ញា។
លោក ត្រាំ សរសេរលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនថា៖ « លោក ណេតាន់យ៉ាហ៊ូ នឹងមិនត្រូវបានចាប់ខ្លួនឡើយ ទោះក្នុងទម្រង់បែបណាក៏ដោយ អំឡុងពេលលោកនៅសហរដ្ឋអាមេរិក។ មនុស្សតែម្នាក់គត់ដែលគួរតែត្រូវបានចាប់ខ្លួនគឺមនុស្សដែលដឹកនាំអ៊ីរ៉ង់ចូលទៅក្នុងវង់នៃការស្លាប់ និងការបំផ្លិចបំផ្លាញមិនធ្លាប់មានពីមុនមក [សំដៅដល់ការដឹកនាំរបស់មេដឹកនាំអ៊ីរ៉ង់]»។
យ៉ាងណា លោក Mamdani បានលើកឡើងថា លោកនឹងពិចារណាចាប់ខ្លួន លោក ណេតាន់យ៉ាហ៊ូ ដោយសារតែតុលាការ(ICC) បានចេញដីកាចាប់ខ្លួនលោក ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលកើតចេញពីសង្គ្រាមនៅហ្គាហ្សា។ អភិបាលក្រុងញ៉ូវយ៉កបានហៅសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្សាហ្សាម្តងហើយម្តងទៀតថា ជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
ប៉ុន្តែកាលពីថ្ងៃចន្ទ អភិបាលក្រុងរូបនេះហាក់ដូចជាបដិសេធ ចំពោះការគំរាមកំហែងលើ លោក ណេតាន់យ៉ាហ៊ូ បន្តិច ដោយគ្រាន់តែនិយាយថា រដ្ឋាភិបាលក្រុងញូវយ៉កយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការទទួលខុសត្រូវរបស់ខ្លួនក្រោមច្បាប់អន្តរជាតិប៉ុណ្ណោះ៕