ថៃ ប្រាប់ចិនថា ខ្លួនបារម្ភខ្លាំង ជុំវិញការដែលកម្ពុជាទទួលបានរថក្រោះពីក្រុងប៉េកាំង
រដ្ឋាភិបាលថៃ បានសម្តែងក្តីកង្វល់យ៉ាងខ្លាំងទៅកាន់ប្រទេសចិន ជុំវិញការបញ្ជូនរថក្រោះសឹកឱ្យមកប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ដោយលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅតាមព្រំដែន កាលពីឆ្នាំ២០២៥។

យោងតាមការចុះផ្សាយរបស់ Bloomberg រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២០ កក្កដា ថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានលើកយកបញ្ហានេះទៅពិភាក្សាផ្ទាល់ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី១៧ កក្កដា។
លោក Sihasak បានគូសបញ្ជាក់ថា បញ្ហាចម្បងរបស់ភាគីថៃ គឺការដែលកម្ពុជាបានផ្សព្វផ្សាយពីការទទួលបានរថក្រោះទាំងនោះ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពទ្វេភាគីដ៏ផុយស្រួយនាពេលបច្ចុប្បន្ន។ កាលពីខែមិថុនា សមត្ថកិច្ចថៃបានរកឃើញថា រថក្រោះប្រយុទ្ធប្រភេទ T-59D របស់ចិនចំនួន ៣៩គ្រឿង ត្រូវបានបញ្ជូនមកឱ្យកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការយោធាដែលមានស្រាប់ ទោះបីជាយោធាថៃ មិនទាន់ឃើញមានការបញ្ជូនរថក្រោះទាំងនោះ ទៅកាន់តំបន់ព្រំដែនក៏ដោយ។
ទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជា នៅតែមានភាពតានតឹង បើទោះបីជាមានការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ជាលើកទីពីរ នៅចុងឆ្នាំ២០២៥ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម ក្នុងខែកក្កដា និងខែធ្នូក៏ដោយ។ ភាពតានតឹងនេះ ត្រូវបានបង្កើនឡើងថែមទៀត បន្ទាប់ពីកម្ពុជាបានស្នើសុំឱ្យមានការដោះស្រាយវិវាទដែនសមុទ្រ ក្រោមយន្តការផ្សះផ្សាជាកំហិតរបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដែលធ្វើឱ្យកិច្ចចរចាកំណត់ព្រំដែនគោកត្រូវផ្អាកជាបណ្តោះអាសន្ន។ បញ្ហាប្រឈមទាំងនេះ មានប្រភពពីផែនទី និងសន្ធិសញ្ញាសម័យអាណានិគម រួមផ្សំជាមួយការប្រកួតប្រជែងប្រវត្តិសាស្ត្រ និងជាតិនិយម ដែលកំពុងកើនឡើងតាមបណ្តោយព្រំដែនប្រមាណ ៨០០គីឡូម៉ែត្ររវាងប្រទេសទាំងពីរ៕