តំណាងក្រុមហ៊ុនធំៗរបស់អាម៉េរិកជួបសម្ដេច ហ៊ុន សែន ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាម៉េរិក ដឹកនាំដោយលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន។ ក្នុងជំនួបនោះ សម្តេច បង្ហាញក្ដីសង្ឃឹមថា អ្នកវិនិយោគអាម៉េរិក នឹងមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ស្របពេលដែលទំហំពាណិជ្ជកម្មកម្ពុជា និងអាម៉េរិក កំពុងមានការកើនឡើងជាបន្តបន្ទាប់។

សម្ដេចតេជោលើកឡើងដោយការកត់សម្គាល់ថា អ្នកវិនិយោគរបស់អាម៉េរិកភាគច្រើនបានវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺផ្ដោតទៅលើផ្នែកដឹកជញ្ជូន វេជ្ជសាស្ត្រ វិស័យអប់រំ និងលើវិស័យបច្ចេកវិទ្យា។ សម្ដេចចាត់ទុកថា ទាំងអស់នេះជាចំណុចដែលកម្ពុជាចង់បាន គឺការធ្វើនវានុវត្តន៍នេះឯង។
តាមការបញ្ជាក់ពីលោក Brian D. McFeeters ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ដែលមានសមាជិកជាង ១៨០ក្រុមហ៊ុន ហើយក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។

លោក Brian D. McFeeters បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក ដែលកំពុងដំណើរការល្អ ហើយក្នុងនាមវិស័យឯកជន ដែលតំណាងឱ្យក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន គឺចង់ចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកបានលើកឡើងថា ធុរជនអាម៉េរិក ក៏ដូចជាដៃគូរបស់អាម៉េរិកដែលបានមកជួបសម្ដេចនាពេលនេះ គឺដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា រួមមានទាំងក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន កូកា-កូឡា ជាដើម និងដៃគូក្រុមហ៊ុនមួយចំនួនទៀត។
សម្តេចតេជោ បានបង្ហាញការគាំទ្រចំពោះអ្នកវិនិយោគអាម៉េរិកមកកាន់ប្រទេសកម្ពុជា ដោយសម្ដេចបញ្ជាក់ថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះឯងតែម្ដង។

នៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអាម៉េរិក សម្រេចបានជាង ១៣,១៤ ពាន់លានដុល្លារ កើនឡើង២៩,២៤% ដែលក្នុងនោះ កម្ពុជានាំចេញទៅអាម៉េរិកមានតម្លៃ ១២,៧៣ពាន់លានដុល្លារ កើនឡើង២៨,៤៨% ខណៈអាម៉េរិកនាំបានចូលមកវិញមានតម្លៃ ៤១៧លានដុល្លារ កើនឡើង ៥៧,៨៣%។ បើគិតក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាគឺនាំទំនិញចេញទៅសហរដ្ឋអាម៉េរិកសម្រេចបាននូវទំហំទឹកប្រាក់ ៧ពាន់លានដុល្លារ៕