អាមេរិក និង​អ៊ីស្រាអែល រៀប​ចំផែនការទម្លាក់​គ្រាប់បែកទ្រង់​ទ្រាយ​ធំ​ លើហេដ្ឋារចនាសម្ព័ន្ធថាមពល​អ៊ីរ៉ង់

ជម្លោះ​នៅ​មជ្ឈិម​បូព៌ា​នៅ​​តែ​រក​ផ្លូវ​បញ្ចប់​មិន​ទាន់​ឃើញ​ឡើយ ដោយ​សហរដ្ឋ​អាមេរិកនិងអ៊ីស្រាអែល​ កំពុងរៀបចំ​យុទ្ធនាការ​ ទម្លាក់គ្រាប់បែក​ដ៏ខ្លាំងក្លា​បំផុត​មួយប្រឆាំង​នឹងហេដ្ឋារចនាសម្ព័ន្ធ​ថាមពលអ៊ីរ៉ង់​ ដោយ​ការវាយប្រហារនេះ​អាច​ធ្វើ​ឡើង​ ​អំឡុងពេល​​ចុងសប្តាហ៍។ នេះ​បើយោង​តាមរបាយការណ៍​របស់​សារព័ត៌មាន​ CBS News កាល​ពី​ថ្ងៃសុក្រ និង​ចុះ​ផ្សាយ​បន្ត​ដោយ​សារព័ត៌មាន​ Anadolu នៅ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ២០២៦ ។

ថាមពល​ប្រេង​អ៊ីរ៉ង់​

របាយការណ៍នេះ​រៀប​រាប់​ថា មានការពិភាក្សា​អំពីការបញ្ចប់​យុទ្ធ​នាការណា​មួយមុនពេល​ទីផ្សារហិរញ្ញវត្ថុបើក​នៅថ្ងៃចន្ទ ដោយសារការព្រួយ​បារម្ភ​អំពីការធ្លាក់ចុះ​សេដ្ឋកិច្ច ទោះបីជាមិនទាន់​មានថ្ងៃផុតកំណត់ច្បាស់លាស់ក៏ដោយ​។ ​អ៊ីស្រាអែលត្រូវបាន​ជូនដំណឹង និងកំពុងសម្របសម្រួលជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែប្រធានាធិបតី លោក ដូណាល់ ត្រាំ មិនទាន់បាន​ចេញការអនុញ្ញាតចុងក្រោយ​នៅឡើយទេ។

មន្ត្រី​អ៊ីស្រាអែលម្នាក់​ប្រាប់ CBS News ថា អ៊ីស្រាអែល​មិនបាន​ដឹងពីការសម្រេចចិត្តណាមួយ​ ដើម្បីបន្តប្រតិបត្តិការយោធា​ទ្រង់ទ្រាយ​ធំឡើងវិញទេ ហើយក៏​មិនត្រូវបានស្នើសុំឱ្យចូលរួមការវាយប្រហារ​ប្រឆាំងនឹងអ៊ីរ៉ង់​ដែរ​។

របាយការណ៍​បន្ត​ថា រោងចក្រថាមពល និងរោងចក្រចម្រាញ់​ប្រេងទំនង​ជាគោលដៅ ដោយមន្ត្រីអាមេរិក​ក៏កំពុងពិចារណា​កាត់ផ្តាច់អគ្គិសនី​ទៅកាន់ទីក្រុងតេហេរ៉ង់ផងដែរ។

របាយការណ៍ដាច់ដោយឡែក​មួយ​ដោយកាសែត Wall Street Journal (WSJ) ដកស្រង់សម្តីមន្ត្រីអាមេរិកថា ការវាយប្រហារថ្មី​នឹង​ត្រូវបានអនុញ្ញាត​។

មន្ត្រីទាំង​នោះ ប្រាប់​សារព័ត៌មាន​ WSJ ថា លោក ត្រាំ​ អាចនឹង​បញ្ឈប់​ការ​វាយប្រហារ ហើយវិលត្រឡប់ទៅរកការចរចាជាមួយអ៊ីរ៉ង់វិញ ​ប្រសិនបើ​មានវឌ្ឍនភាពភ្លាមៗលើផ្នែកការទូត។

ថ្លែង​នៅក្នុងកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រីនៅ​ជំរំ​ Camp David លោក ត្រាំ​ និយាយថា៖ « យើង​នឹងវាយប្រហារពួកគេ​[អ៊ីរ៉ង់​] យ៉ាងខ្លាំង។ នៅ​ចំណុចណាមួយ ពួកគេ​នឹងនិយាយថា យើង​មិនអាចទ្រាំទ្របានទៀតទេ»។

មិន​ខុស​គ្នា​ប៉ុន្មាន អ្នក​នាំពាក្យ​សេតវិមាន លោក​ស្រី Karoline Leavitt និយាយថា៖ « សហរដ្ឋអាមេរិកនឹងឈ្នះ ហើយ​អ៊ីរ៉ង់​នឹងមិនត្រូវបាន​អនុញ្ញាតឱ្យទទួល​បានអាវុធនុយក្លេអ៊ែរ​ក្រោមការឃ្លាំមើល​របស់ លោក ត្រាំ​ ឡើយ»៕

អត្ថបទដែលជាប់ទាក់ទង