អ៊ីរ៉ង់-អូម៉ង់ ឯកភាពគ្នា រៀបចំផ្លូវធ្វើនាវាចរណ៍ថ្មី នៅច្រក Hormuz ដើម្បីបន្ធូរបន្ថយវិបត្តិ
ជាសញ្ញាមួយដ៏ល្អ ឈានឆ្ពោះទៅរកការដោះស្រាយវិបត្តិ ជាពិសេសវិបត្តិសេដ្ឋកិច្ច, ប្រទេសអ៊ីរ៉ង់ បានប្រកាសថា ខ្លួនជាមួយអូម៉ង់ បានព្រមព្រៀងគ្នារួចហើយ លើកូអរដោនេភូមិសាស្ត្រ នៃផ្លូវនាវាចរណ៍ដែលបានស្នើឡើង សម្រាប់ការឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz។

នេះមានន័យថា ប្រទេសទាំងពីរ កំពុងធ្វើការ លើការកំណត់ចំណុច ឬខ្សែផ្លូវជាក់ស្តែងនៅលើផែនទីសមុទ្រ ថាតើកប៉ាល់ត្រូវបើកបរតាមច្រកណា ដើម្បីចៀសវាងការប៉ះទង្គិច ឬការយល់ច្រឡំ។
ទូរទស្សន៍ BBC បានដកស្រង់ប្រភពពីក្រសួងការបរទេសអ៊ីរ៉ង់ ដែលលើកឡើងនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ថា ក្នុងការឯកភាពគ្នានេះ! កប៉ាល់ដែលចូលទៅឈូងសមុទ្រពែក្ស នឹងត្រូវប្រើប្រាស់ផ្លូវទឹកនៅជិតប្រទេសអ៊ីរ៉ង់បំផុត ក្រោមការសម្របសម្រួលពីទីក្រុងតេហេរ៉ង់។ ចំណែកកប៉ាល់ ដែលធ្វើដំណើរចេញវិញ នឹងត្រូវប្រើប្រាស់ផ្លូវទឹកនៅជិតប្រទេសអូម៉ង់បំផុត ក្រោមការសម្របសម្រួលពីទីក្រុងម៉ូស្កាត់។

យ៉ាងណា នេះ គ្រាន់តែជាកិច្ចព្រមព្រៀងបណ្តោះអាសន្នប៉ុណ្ណោះ ជាមួយគោលបំណងសម្រួលចរាចរណ៍ក្នុងរយៈពេលពី ២ ទៅ ៤ ខែ ឬអាចអូសបន្លាយយូរជាងនេះ ប៉ុន្តែវានឹងមិនអាចធានាសុវត្ថិភាពការធ្វើនាវាចរណ៍បានឡើយ លុះត្រាអាមេរិក ដកការបិទខ្ទប់ផ្លូវទឹក លើកំពង់ផែអ៊ីរ៉ង់។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei មិនបានផ្តល់ព័ត៌មានលម្អិតលើសហ្នឹងឡើយ ខណៈ អូម៉ង់និងអាមេរិក ក៏មិនទាន់ឃើញចេញមក និយាយអ្វីដែរ។

កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសរួចហើយថា ការចរចាជាមួយអ៊ីរ៉ង់ មានភាពវិជ្ជមានខ្លាំង ហើយច្រក Hormuz រំពឹងបើកវិញឆាប់ៗ ដែលជាក្តីសង្ឃឹម បិទបញ្ចប់សង្គ្រាមរយៈពេល ៥ខែ នៅមជ្ឈិមបូព៌ា។
ដំណឹងដ៏គួរឲ្យត្រេកអរនេះ ធ្វើឲ្យតម្លៃប្រេងសកលធ្លាក់ចុះ ខណៈទីផ្សារភាគហ៊ុននៅអាស៊ី ក៏ស្ទុះងើបឡើងយ៉ាងខ្លាំងផងដែរ៕
