កម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះរដ្ឋបាល៥ទីតាំងនៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស២៦នាក់

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលតាមអគារស្នាក់នៅចំនួន ៥ទីតាំង។

ក្រុមការងារបានរកឃើញជនបរទេសសរុបចំនួន ២៦នាក់ (ស្រី ១នាក់) មាន ២សញ្ជាតិ គឺជនជាតិឥណ្ឌូនេស៊ីចំនួន ២៥នាក់ (ស្រី ១នាក់) និងជនជាតិចិន ១នាក់ (ប្រុស)។

ប្រតិបត្ដិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដបន្ទាយមានជ័យ។

យ៉ាងណាក៏ដោយ សម្រាប់ទីតាំងទាំង៥ ពេលចុះត្រួតពិនិត្យមានការចូលរួមសហការពីម្ចាស់ទីតាំង ហើយពុំបានរកឃើញមានសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះទេ។

របាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ទីតាំងទាំង៥ រួមមាន៖

* ទីតាំងទី១ (ម្ចាស់៖ លោក សូផាន សមស័ក្ដិ)៖ ជាអគារកម្ពស់ ៦ជាន់ មាន ៤២បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ។ ពុំមានជនបរទេសស្នាក់នៅ និងពុំមានសម្ភារសង្ស័យឡើយ។ ក្រុមការងារបានធ្វើការអប់រំ។

* ទីតាំងទី២ (ម្ចាស់៖ លោកស្រី ហ៊ន់ សុខអ៉ីម)៖ ជាផ្ទះជួល ២ល្វែង កម្ពស់ ២ជាន់ មាន ១៨បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ។ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន ១៨នាក់ (ស្រី ១នាក់)។ ទីតាំងពុំមានសម្ភារសង្ស័យឡើយ។ ក្រុមការងារបានធ្វើការអប់រំ។

* ទីតាំងទី៣ (ម្ចាស់៖ លោក ជា វាសនា)៖ ជាផ្ទះមួយល្វែង កម្ពស់ ២ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ។ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន ៧នាក់ (ប្រុស)។ ទីតាំងពុំមានសម្ភារសង្ស័យឡើយ។ ក្រុមការងារបានធ្វើការអប់រំ។

* ទីតាំងទី៤ (ម្ចាស់៖ លោក សួន បញ្ញា)៖ ជាផ្ទះ ១ល្វែង កម្ពស់ ៣ជាន់ មាន ៣បន្ទប់ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ។ មានជនជាតិចិនស្នាក់នៅចំនួន ១នាក់ (ប្រុស)។ ទីតាំងពុំមានសម្ភារសង្ស័យឡើយ។ ក្រុមការងារបានធ្វើការអប់រំ។

* ទីតាំងទី៥ (ម្ចាស់៖ លោក ឡាយ ឃីម)៖ ជាអគារកម្ពស់ ១០ជាន់ មាន ៧២បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ។ ពុំមានជនបរទេសស្នាក់នៅ និងពុំមានសម្ភារសង្ស័យឡើយ។ ក្រុមការងារបានធ្វើការអប់រំ។

អត្ថបទដែលជាប់ទាក់ទង