អង្គការលើកលែងទោសអន្តរជាតិ ដាក់សម្ពាធឲ្យអានុទីន លើកយកបញ្ហាសិទ្ធមនុស្ស និយាយជាមួយ មីន អ៊ុងឡាំង

ដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា នៅត្រូវជួបប្រទះជាមួយរលកនៃបាតុកម្ម និងការថ្កោលទោសខ្លាំងក្លា សូម្បីឥឡូវ អង្គការលើកលែងទោសអន្តរជាតិ ក៏ដាក់សម្ពាធឲ្យនាយករដ្ឋមន្ត្រីថៃ អានុទីន ត្រូវផ្តោតសំខាន់ លើកយកបញ្ហាសិទ្ធមនុស្ស ពិភាក្សាជាមួយលោក មីន អ៊ុងឡាំង, កុំគិតតែពីរឿងពាណិជ្ជកម្ម និងសេដ្ឋកិច្ចពេក។

អានុទីន និង មីន អ៊ុងឡាំង

ជាប្រតិកម្មខ្លាំងៗ អង្គការលើកលែងទោសអន្តរជាតិ ប្រចាំនៅថៃ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ថា ការទទួលស្វាគមន៍មេដឹកនាំមួយរូប ដែលរងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងឧក្រិដ្ឋកម្មក្រោមច្បាប់អន្តរជាតិបែបនេះ បានចោទជាសំណួរអំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ប្រទេសថៃចំពោះសិទ្ធិមនុស្ស។

ជាមួយនឹងការស្លាប់មនុស្ស ២ ២០០ នាក់ក្រោមការឃុំឃាំងរបស់យោធា និងជាង ៣០ ០០០ នាក់ត្រូវចាប់ខ្លួន ឬចោទប្រកាន់ ហើយយ៉ាងតិច ៣.៦ លាននាក់បានភៀសខ្លួន ចាប់តាំងពីរដ្ឋប្រហារមកនោះ ស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា បានបន្តធ្លាក់ចុះដុនដាបបំផុត។

អានុទីន និង មីន អ៊ុងឡាំង

ដូច្នេះហើយ អង្គការនេះ សូមអំពាវនាវឲ្យថៃ ប្រើប្រាស់ដំណើទទស្សនកិច្ចនេះ ដើម្បីដាក់សម្ពាធលើថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ឲ្យបញ្ឈប់ការវាយប្រហារលើប្រជាពលរដ្ឋ និងទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មអន្តរជាតិទាំងឡាយ។

លោក មីន អ៊ុងឡាំង បានទៅដល់ទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ សម្រាប់ដំណើរទស្សកិច្ចផ្លូវការរយៈពេល ២ថ្ងៃ ហើយនេះគឺជាលើកដំបូង ចាប់តាំងពីលោក ក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងខែមេសា ឆ្នាំនេះ ក្រោយការបោះឆ្នោត ដែលរងការរិះគន់ជាអន្តរជាតិ។

អានុទីន និង មីន អ៊ុងឡាំង

យ៉ាងណា ដំណើរទស្សនកិច្ចពេលនេះ បានបញ្ឆេះឲ្យមានកំហឹង និងការថ្កោលទោសមិនសំចៃមាត់ ពីសំណាក់បណ្តាអង្គការសង្គមស៊ីវិល នៅប្រទេសថៃ ដោយរិះគន់ចំៗ ទៅរដ្ឋាភិបាលរបស់អានុទីនថា ការអញ្ជើញមីន អ៊ុងឡាំង ធ្វើទស្សនកិច្ចថៃ ប្រៀបបាននឹងការទទួលស្គាល់នូវភាពស្របច្បាប់ផ្នែកនយោបាយ ចំពោះការគ្រប់គ្រងបែបយោធា និងជាការមាក់ងាយ-មិនគិតពីភាពរងទុក្ខវេទនា របស់ប្រជាជនមីយ៉ាន់ម៉ា ដែលត្រូវរបបសឹកធ្វើបាប។

អង្គការសង្គមស៊ីវិលនានា ដូចជា គណៈកម្មាធិការសម្ព័ន្ធមិត្តថៃជាមួយមូលនិធិភូមា គ្មានការរើសអើង (TACDBF), គណៈកម្មាធិការសកម្មភាពថៃ ដើម្បីប្រជាធិបតេយ្យនៅភូមា (TACDB), សហជីពដើម្បីសេរីភាពស៊ីវិល (UCL), យុទ្ធនាការដើម្បីប្រជាធិបតេយ្យប្រជាប្រិយ (CPD), ក្រុមការងារសន្តិភាពពិភពលោក (WPWG), មូលនិធិវេទិកាវប្បធម៌អាស៊ី ស្តីពីការអភិវឌ្ឍ (ACFDF) និងបណ្តាញអង្គការសង្គមស៊ីវិលថៃផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍រួមថា រដ្ឋាភិបាលថៃ គួរតែផ្តោតទៅការឃាត់ខ្លួន និងការចោទប្រកាន់ជាបន្តបន្ទាប់លើលោកស្រី អ៊ុងសាន ស៊ូជី និងថ្នាក់ដឹកនាំជាប់ឆ្នោតផ្សេងទៀត របស់មីយ៉ាន់ម៉ា វិញទៅ។

សេចក្តីថ្លែងការណ៍ដដែល បន្តថា យោធាមីយ៉ាន់ម៉ា​ បានអនុវត្តការចាប់ខ្លួនដោយអំពើចិត្ត ការធ្វើទារុណកម្ម ការកែនទ័ពដោយបង្ខំ និងការវាយប្រហារដែលសម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋភៀសខ្លួន។ ការវាយប្រហារទាំងនោះ ប៉ះពាល់ខ្លាំងណាស់ ដល់សហគមន៍ស៊ីវិល សាលារៀន និងមន្ទីរពេទ្យ រួមទាំងប្រតិបត្តិការយោធា ដែលធ្វើឡើងក្នុងអំឡុងពេលមានគ្រាអាសន្នខាងមនុស្សធម៌ បន្ទាប់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២៥ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង