មនុស្សស្លាប់ ក្នុងការបាញ់ប្រហារនៅថៃ កើនដល់ ៩នាក់, អ្នកស្លាប់ចុងក្រោយ គឺកុមារីអាយុ ១២ឆ្នាំ
មនុស្សម្នាក់ទៀតហើយ បានផុតដង្ហើម ដោយសារការបាញ់សម្លាប់ដ៏សាហាវនៅសាលារៀន ក្នុងប្រទេសថៃ ខណៈអ្នកស្លាប់ចុងក្រោយគេ គឺជាកុមារីអាយុ ១២ឆ្នាំ ធ្វើឲ្យតួលេខមនុស្សបាត់បង់ជីវិត ក្នុងការវាយប្រហារដ៏រន្ធត់នេះ កើនដល់ ៩នាក់។

តាមការផ្សាយរបស់ Khaosod, កុមារីរូបនេះ ត្រូវបានបញ្ជាក់ថាស្លាប់នៅមន្ទីរពេទ្យ Phra Nangklao ដោយសាររបួសធ្ងន់ធ្ងរពេក ព្រោះគ្រាប់កាំភ្លើងត្រូវចំពោះ។ នៅមន្ទីរពេទ្យនោះដែរ នៅមានសិស្សសាលា ២នាក់ទៀត ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ សង្គ្រោះបន្ទាន់។
សូមជម្រាបថា នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ខ្មាន់កាំភ្លើងជាក្មេងជំទង់ បានបើកការបាញ់ប្រហារ ក្នុងវិទ្យាល័យ Debsirin Nonthaburi នៅស្រុក Bang Kruai នៃខេត្ត Nonthaburi។

ខ្មាន់កាំភ្លើង អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៅសាលានេះផ្ទាល់ ហើយមួយថ្ងៃ មុនហេតុការណ៍កើតឡើង រូបគេត្រូវបានសិស្សផ្សេងទៀត សម្លុត ធ្វើបាប និងជំរិតទារប្រាក់ ហើយថែមទាំងវាយទាត់ធាក់ រូបគេនៅក្នុងបន្ទប់ទឹក រួចចាក់សោរចោលទៀតផង។
ដោយសាររឿងនេះ ជនបង្កក៏យកកាំភ្លើងខ្លី ដែលជារបស់ជីតា ទៅធ្វើសកម្មភាពតែម្តង នៅក្នុងសាលាដែលមានសិស្ស ប្រហែល ៣ ០០០នាក់។

ដំបូងឡើយ ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ជីដូនជីតា នៅឯផ្ទះ រួចសម្លាប់មនុស្ស ៦នាក់ទៀត នៅសាលា ដែលក្នុងនោះមានទាំងគ្រូនិងសិស្ស ព្រមទាំងរូបគេផ្ទាល់។
នៅសាលា ប៉ូលិសបានរកឃើញកាំភ្លើងខ្លី CZ-75 Compact ៩មិល្លីម៉ែត្រ មួយដើម ខណៈបើតាមរបាយការណ៍ រូបគេបានបាញ់អស់ ២៦ គ្រាប់ ហើយប៉ូលិសរកឃើញគ្រាប់កាំភ្លើង ដែលមិនទាន់បាញ់ចំនួន ៣៤ គ្រាប់ទៀតនៅកន្លែងកើតហេតុ។

ជុំវិញសោកនាដកម្មនេះដែរ នាយករដ្ឋមន្ត្រីថៃ អានុទីន បានថ្កោលទោស ហើយនិយាយថា៖ «រឿងនេះ ពិតជារន្ធត់ណាស់ ដែលមិនគួរកើតឡើងទាល់តែសោះ»។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីថៃ អានុទីន និយាយថា លោកមានផែនការណែនាំច្បាប់ថ្មី ដែលរឹតត្បិតការកាន់កាប់អាវុធនៅទីសាធារណៈ ដោយបទប្បញ្ញត្តិថ្មីនេះ នឹងអនុញ្ញាតឲ្យតែមន្ត្រីរដ្ឋាភិបាលដែលកំពុងបំពេញបេសកកម្មប៉ុណ្ណោះ ទើបអាចកាន់អាវុធបាន៕
