ហូឡង់ផ្ទេរមាសសុទ្ធ ១០ ប៊ីលានដុល្លារពីអាមេរិក ទៅតម្កល់នៅអង់គ្លេសវិញ ខណៈបញ្ហាភូមិសាស្ត្រនយោបាយកើនឡើង
ប្រទេសហូឡង់បានផ្ទេរមាសបម្រុង តម្លៃប្រមាណ ១០ ប៊ីលានដុល្លារ ចេញពីសហរដ្ឋអាមេរិក និងកាណាដា ទៅតម្កល់នៅចក្រភពអង់គ្លេសវិញ ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជាក្នុងទំនាក់ទំនងអន្តរអាត្លង់ទិក កាន់តែកើនឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិល្បីៗ រួមទាំង Bloomberg និង Al Jazeera។

ធនាគារកណ្ដាលហូឡង់ (DNB) បានឱ្យដឹងកាលពីថ្ងៃពុធថា ការផ្លាស់ទីនេះ មានគោលបំណងធ្វើឱ្យប្រទេសរបស់ខ្លួន មានការត្រៀមខ្លួនកាន់តែប្រសើរឡើង ប្រសិនបើមានវិបត្តិធ្ងន់ធ្ងរកើតឡើង និងធានាថា មាសអាចយកមកប្រើប្រាស់បានលឿននៅពេលចាំបាច់។
ហូឡង់មានមាសបម្រុងសរុបប្រមាណ ៦១២ តោន ដែលមានតម្លៃជាង ៧២ ប៊ីលានអឺរ៉ូ។ មុនការផ្ទេរ មាសបម្រុងរបស់ប្រទេសនេះ រក្សាទុកនៅហូឡង់ ៣១% ទីក្រុងឡុងដ៍ ១៨% និងជាងពាក់កណ្ដាលទៀត រក្សាទុកនៅនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) និងអូតាវ៉ា (កាណាដា)។
បន្ទាប់ពីការរៀបចំថ្មី សមាមាត្រមាសនៅទីក្រុងឡុងដ៍ បានកើនឡើងដល់ជាង ៣២% ខណៈមាសដែលរក្សាទុកនៅសហរដ្ឋអាមេរិក និងកាណាដា ត្រូវបានកាត់បន្ថយមកប្រហែល ១៨,៥% ក្នុងប្រទេសនីមួយៗ។
DNB បានបញ្ជាក់ថា ការផ្ទេរមាសត្រូវបានធ្វើទាំងតាមរយៈការលក់មាសពីទីតាំងមួយ ហើយទិញនៅទីតាំងមួយទៀត ព្រមទាំងការដឹកជញ្ជូនដុំមាសសុទ្ធដោយផ្ទាល់ ដើម្បីកាត់បន្ថយហានិភ័យ និងការចំណាយក្នុងការផ្លាស់ទីមាសបរិមាណធំ។

ប្រធាន DNB លោក Olaf Sleijpen បាននិយាយថា៖ «យើងរំពឹងថា យើងនឹងមិនចាំបាច់ប្រើមាសទាំងនេះឡើយ ប៉ុន្តែយើងត្រូវពង្រឹងភាពធន់ និងការត្រៀមខ្លួនរបស់យើង»។
ធនាគារកណ្ដាលហូឡង់មិនបានបញ្ជាក់ថា វិបត្តិប្រភេទណាដែលខ្លួនកំពុងត្រៀមទប់ទល់នោះទេ។ ប៉ុន្តែការផ្ទេរមាសនេះកើតឡើងក្នុងពេលដែលទំនាក់ទំនងរវាងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអឺរ៉ុបកាន់តែមានភាពតានតឹង ជាពិសេសលើបញ្ហាពាណិជ្ជកម្ម សន្តិសុខ និងគោលនយោបាយការបរទេស។
ផ្នែកពាណិជ្ជកម្ម រដ្ឋបាល ត្រាំ បានដាក់សម្ពាធលើសម្ព័ន្ធមិត្តអឺរ៉ុបតាមរយៈពន្ធគយ និងការទាមទារឱ្យអឺរ៉ុបបើកទីផ្សារឱ្យទំនិញអាមេរិកកាន់តែច្រើន។ ជាមួយគ្នានេះ លោក ត្រាំ ក៏បានរិះគន់បណ្តាប្រទេសអឺរ៉ុបម្តងហើយម្តងទៀតថា មិនបានចំណាយលើវិស័យការពារជាតិគ្រប់គ្រាន់ និងពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក។ ថ្មីៗនេះ អាមេរិកក៏កំពុងពិនិត្យឡើងវិញពីវត្តមានយោធាអាមេរិកនៅអឺរ៉ុប ដែលធ្វើឱ្យសម្ព័ន្ធមិត្តមានការព្រួយបារម្ភអំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អាមេរិកចំពោះ
បញ្ហាមួយទៀតគឺសង្គ្រាមអ៊ីរ៉ង់។ លោក ត្រាំ បានរិះគន់ប្រទេសអឺរ៉ុបមួយចំនួន រួមមានអេស្ប៉ាញជាដើមនោះ ចំពោះការមិនចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់។ ទន្ទឹមនឹងនោះ ត្រាំ ក៏បានទាមទារការគ្រប់គ្រងកោះហ្រ្គីនឡែនដ៍របស់ដាណឺម៉ាក ជាអ្វីដែលអឺរ៉ុបបានជំទាស់យ៉ាងដាច់អហង្ការ។

ដាច់ដោយឡែក អឺរ៉ុបនៅតែចង់បន្តគាំទ្រអ៊ុយក្រែន និងរក្សាសម្ពាធលើរុស្ស៊ី ខណៈរដ្ឋបាល ត្រាំ បានផ្តោតកាន់តែខ្លាំងលើការចរចាដើម្បីបញ្ចប់សង្គ្រាម។ ថ្មីៗនេះ លោក ត្រាំ ក៏បាននិយាយថា សហរដ្ឋអាមេរិកនឹងស្វែងរកការសងប្រាក់ពីបណ្តាប្រទេសអឺរ៉ុប សម្រាប់ជំនួយយោធាដែលអាមេរិកបានផ្តល់ដល់អ៊ុយក្រែនកន្លងមក។
ភាពតានតឹងទាំងនេះ មិនមានន័យថា សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងផ្តាច់ទំនាក់ទំនងគ្នានោះទេ ប៉ុន្តែវាបានបង្កើនការព្រួយបារម្ភថា ការពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់ទ្រព្យសម្បត្តិ ឬសន្តិសុខសំខាន់ៗ អាចមានហានិភ័យកាន់តែខ្ពស់ ប្រសិនបើទំនាក់ទំនងអន្តរអាត្លង់ទិកកាន់តែអាក្រក់។
ដោយហេតុនេះ អ្នកវិភាគមើលឃើញថា ការផ្ទេរមាសរបស់ហូឡង់អាចជាផ្នែកមួយនៃនិន្នាការដែលធនាគារកណ្ដាលមួយចំនួនចង់រក្សាការគ្រប់គ្រងជាក់ស្តែងលើមាសបម្រុងរបស់ខ្លួនកាន់តែច្រើន។ ទោះជាយ៉ាងណា DNB បានសង្កត់ធ្ងន់ថា ការផ្លាស់ទីនេះជាចម្បងគឺជាផ្នែកមួយនៃយុទ្ធសាស្ត្របែងចែកហានិភ័យ និងការត្រៀមខ្លួនសម្រាប់វិបត្តិ មិនមែនជាសេចក្តីថ្លែងការណ៍នយោបាយប្រឆាំងសហរដ្ឋអាមេរិកឡើយ។
ហូឡង់មិនមែនជាប្រទេសទីមួយទេដែលធ្វើដូច្នេះ។ កាលពីដើមឆ្នាំនេះ ធនាគារកណ្ដាលបារាំងបានផ្ទេរមាសប្រមាណ ១២៩ តោន ពីញូវយ៉កត្រឡប់ទៅបារាំងវិញ ខណៈអាល្លឺម៉ង់ក៏ធ្លាប់ផ្ទេរមាសជាង ៦០០ តោន ពីញូវយ៉កទៅក្រុងហ្វ្រែងហ្វឺត របស់ខ្លួន ក្នុងអំឡុងឆ្នាំ ២០១៣-២០១៧៕
