UN ព្រមានថា បាតុភូត El Niño ដែលនាំឲ្យកើតគ្រោះរាំងស្ងួតឆ្នាំនេះ អាចហក់ឡើងខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍
អង្គការឧតុនិយមពិភពលោក(WMO) បានព្រមានថា បាតុភូត El Nino ដែលជាបាតុភូតនាំឲ្យមានគ្រោះរាំងស្ងួត ក្តៅហួតហែង នឹងកើនឡើងដល់កម្រិតខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយនឹងបន្តរហូតដល់ដើមឆ្នាំ២០២៧ ដែលបង្កើនលទ្ធភាពនៃគ្រោះរាំងស្ងួត ទឹកជំនន់ និងកម្តៅខ្លាំងកាន់តែអាក្រក់ទៅៗនៅទូទាំងពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២៦ ។

ទីភ្នាក់ងារអាកាសធាតុអង្គការសហប្រជាជាតិនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការព្យាករណ៍បង្ហាញពីលទ្ធភាពជិត ១០០ភាគរយ ដែលបាតុភូត El Nino នឹងបន្តរហូតដល់ខែកុម្ភៈ ជាកម្រិតនៃភាពប្រាកដប្រជាខ្លាំងបំផុតរបស់ UN បង្ហាញនៅក្នុងការអាប់ដេតពីបាតុភូត El Nino/La Nina ។
បាតុភូតអាកាសធាតុដែលកើតឡើងដោយធម្មជាតិនេះធ្វើឱ្យសីតុណ្ហភាពផ្ទៃទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងខាងកើតនៅតំបន់អេក្វាទ័រ ធ្វើឱ្យមានប្រែប្រួលទូទាំងពិភពលោក ដូចជា ខ្យល់ សម្ពាធ និងគំរូទឹកភ្លៀង។
ប្រធាន WMO លោកស្រី Celeste Saulo ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា៖ « ប្រសិនបើគន្លងនេះនៅតែបន្ត វាអាចនឹងខ្លាំងជាងអ្វីទាំងអស់ ចាប់តាំងពីការតាមដានរបស់យើងចាប់ផ្តើម។ ដូច្នេះពិតជាចេញពីតារាងដែលយើងបានប្រើអស់រយៈពេល ៤ទសវត្សរ៍កន្លងមក»។
គួរបញ្ជាក់ថា បាតុភូត El Nino នឹងឡើងដល់ចំណុចកំពូលនៅចុងឆ្នាំនេះ ទោះបីជាផលប៉ះពាល់របស់វា លើអាកាសធាតុនឹងបន្តរហូតដល់ឆ្នាំ២០២៧ ក៏ដោយ។ នេះបើយោងតាម WMO ។
កម្តៅនៅក្នុងមហាសមុទ្របញ្ចេញយឺតៗទៅក្នុងបរិយាកាស ជំរុញឱ្យសីតុណ្ហភាពពិភពលោកកើនឡើងនៅឆ្នាំបន្ទាប់។
លោកស្រីបន្តថា៖ « បាតុភូត El Nino ឆ្នាំ២០២៣-២៤ ដ៏ខ្លាំងក្លាបានរួមចំណែកចូលដល់ឆ្នាំ២០២៤ ជាឆ្នាំដ៏ក្តៅបំផុតក្នុងកំណត់ត្រា ហើយ យើងមិនគួរភ្ញាក់ផ្អើលទេ ប្រសិនបើកំណត់ត្រានេះត្រូវបានបំបែក»។
El Nino គឺជាបាតុភូតធម្មជាតិមួយ មិនមែនបណ្តាលមកពីការប្រែប្រួលអាកាសធាតុទេ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្ររំពឹងថា វានឹងធ្វើឱ្យកម្តៅភពផែនដីកាន់តែធ្ងន់ធ្ងរឡើង ជាលទ្ធផលនៃការដុតឥន្ធនៈហ្វូស៊ីល ខណៈ អាកាសធាតុកាន់តែក្តៅខ្លាំង។
ដោយឡែក អគ្គលេខាធិការអង្គការ UN លោក Antonio Guterres ថា៖ « El Nino កំពុងមានទំហំធំឡើង នៅចំពោះមុខយើង។ វិទ្យាសាស្ត្រមិនទុកកន្លែងសម្រាប់ការសង្ស័យទេ! ភពផែនដីស្ថិតនៅក្នុងដែនទឹកដែលមិនទាន់បានកត់ត្រា ហើយទឹកទាំងនោះកំពុងឡើងកម្តៅ។ សីតុណ្ហភាពផ្ទៃសមុទ្រកំពុងកើនឡើង សីតុណ្ហភាពបន្តកើនឡើង ហើយពិភពលោក ស្ថិតក្នុងតំបន់គ្រោះថ្នាក់នៃអាកាសធាតុធ្ងន់ធ្ងរ»៕
