UN ព្រមាន​ថា បាតុភូត El Niño ដែល​នាំឲ្យ​​កើតគ្រោះរាំងស្ងួត​​ឆ្នាំនេះ អាច​ហក់ឡើងខ្លាំង​បំផុតមិន​ធ្លាប់មាន ក្នុងរយៈពេល​ជាច្រើនទសវត្សរ៍​

អង្គការ​ឧតុនិយម​ពិភពលោក(WMO) បាន​ព្រមានថា បាតុភូត​ El Nino ​ដែល​ជា​បាតុភូត​នាំ​ឲ្យ​​​មានគ្រោះរាំងស្ងួត ក្តៅ​ហួតហែង​ នឹង​កើន​ឡើង​ដល់កម្រិត​​ខ្លាំង​​បំផុត​ក្នុងរយៈពេលប៉ុន្មាន​ខែខាងមុខ​នេះ ហើយ​នឹងបន្តរហូត​​ដល់ដើមឆ្នាំ២០២៧ ដែល​បង្កើន​លទ្ធភាព​នៃ​គ្រោះរាំងស្ងួត ទឹក​ជំនន់ និង​កម្តៅ​ខ្លាំង​កាន់តែ​អាក្រក់ទៅៗ​នៅទូទាំងពិភពលោក​។ នេះបើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​នៅ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ ២០២៦ ។

ប្រធាន WMO លោក​ស្រី Celeste Saulo និង លោក Wilfran Moufouma-Okia 

ទីភ្នាក់​ងារ​អាកាសធាតុ​អង្គការសហប្រជាជាតិ​និយាយកាល​ពីថ្ងៃ​ព្រហស្បតិ៍ថា ការព្យាករណ៍​បង្ហាញពីលទ្ធភាព​ជិត ១០០ភាគរយ​ ​ដែល​បាតុភូត​ El Nino នឹង​បន្តរហូតដល់​ខែកុម្ភៈ ​ជាកម្រិតនៃភាព​ប្រាកដប្រជា​ខ្លាំងបំផុត​របស់​ UN បង្ហាញ​នៅក្នុង​ការអាប់ដេតពី​បាតុភូត​ El Nino/La Nina ។

បាតុភូត​អាកាសធាតុ​ដែលកើតឡើង​ដោយធម្មជាតិនេះ​ធ្វើឱ្យសីតុណ្ហ​ភាពផ្ទៃទឹក​នៅមហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងខាងកើតនៅតំបន់​អេក្វាទ័រ ធ្វើ​ឱ្យ​មាន​​ប្រែប្រួលទូទាំងពិភពលោក ដូច​ជា ខ្យល់ សម្ពាធ និងគំរូ​ទឹកភ្លៀង។

ប្រធាន WMO លោក​ស្រី Celeste Saulo ប្រាប់​អ្នកយកព័ត៌មាន​នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា​៖ « ប្រសិន​បើគន្លងនេះ​នៅ​តែបន្ត វាអាច​នឹង​ខ្លាំងជាងអ្វីទាំងអស់​ ចាប់តាំងពីការតាមដានរបស់​យើងចាប់ផ្តើម។ ដូច្នេះ​ពិតជាចេញពីតារាង​ដែលយើងបានប្រើ​អស់រយៈពេល ៤ទសវត្សរ៍កន្លងមក»។

គួរ​បញ្ជាក់​ថា បាតុភូត​ El Nino នឹង​ឡើង​ដល់ចំណុច​កំពូល​នៅចុងឆ្នាំនេះ ទោះបីជាផលប៉ះពាល់របស់​វា លើ​អាកាសធាតុនឹងបន្តរហូត​ដល់ឆ្នាំ​២០២៧​ ក៏ដោយ។ នេះបើយោងតាម ​​WMO​ ។

កម្តៅ​នៅ​ក្នុងមហាសមុទ្របញ្ចេញ​យឺតៗទៅ​ក្នុងបរិយាកាស ជំរុញឱ្យ​សីតុណ្ហភាព​ពិភពលោក​កើនឡើង​នៅ​ឆ្នាំបន្ទាប់។

លោក​ស្រី​បន្ត​ថា​៖ « បាតុភូត​ El Nino ឆ្នាំ២០២៣-២៤ ដ៏​ខ្លាំង​ក្លាបាន​រួមចំណែក​ចូល​​ដល់ឆ្នាំ២០២៤​ ជាឆ្នាំដ៏ក្តៅ​បំផុតក្នុង​កំណត់ត្រា ហើយ យើង​មិនគួរភ្ញាក់ផ្អើល​ទេ​ ប្រសិនបើកំណត់ត្រានេះ​ត្រូវបានបំបែក»។

El Nino គឺជាបាតុភូតធម្មជាតិ​មួយ មិនមែនបណ្តាលមកពីការប្រែប្រួល​អាកាសធាតុទេ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្ររំពឹងថា វា​នឹងធ្វើឱ្យកម្តៅ​ភព​ផែន​ដីកាន់តែធ្ងន់ធ្ងរ​ឡើង ជាលទ្ធផលនៃការដុតឥន្ធនៈ​ហ្វូស៊ីល ខណៈ​ អាកាសធាតុ​កាន់​តែ​ក្តៅ​ខ្លាំង​។

ដោយ​ឡែក អគ្គលេខាធិការអង្គការ UN  លោក Antonio Guterres ថា​៖ « El Nino កំពុងមានទំហំ​ធំឡើង នៅ​ចំពោះ​មុខយើង។ វិទ្យាសាស្ត្រ​មិន​ទុកកន្លែងសម្រាប់​ការសង្ស័យទេ! ភពផែនដីស្ថិត​នៅក្នុងដែន​ទឹកដែល​មិនទាន់បាន​កត់ត្រា ហើយទឹកទាំង​នោះកំពុងឡើង​កម្តៅ​។ សីតុណ្ហភាពផ្ទៃ​សមុទ្រកំពុងកើនឡើង សីតុណ្ហភាពបន្ត​កើនឡើង ហើយពិភពលោក​ ស្ថិតក្នុងតំបន់គ្រោះថ្នាក់នៃអាកាសធាតុ​ធ្ងន់ធ្ងរ»៕

អត្ថបទដែលជាប់ទាក់ទង