សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ចុះបង្ក្រាបផ្ទះសំណាក់យីហោ «រ៉ាឌី» ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់
កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះប្រតិបត្តិការបង្ក្រាបទីតាំងផ្ទះសំណាក់មួយកន្លែង ដែលមានយីហោ «រ៉ាឌី» និងបានឃាត់ខ្លួនមនុស្សស្រីជាច្រើននាក់ ដើម្បីយកទៅសាកសួរ និងស្រាវជ្រាវតាមនីតិវិធីច្បាប់។

ការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់យីហោ «រ៉ាឌី» ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ជាប់ផ្សារទំនើប ខេម៉ល ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង អនុប្រធាននាយកដ្ឋានការពារអនីតិជន និងប្រឆាំងការជួញដូរមនុស្ស ដោយមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយបញ្ចប់ប្រតិបត្តិការ សមត្ថកិច្ចបានបញ្ជូនមនុស្សប្រុសស្រីជាច្រើននាក់ទៅកាន់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ ប្រមូលព័ត៌មាន និងស្រាវជ្រាវបន្ថែម មុននឹងចាត់ការបន្តតាមនីតិវិធីច្បាប់។

យ៉ាងណាក៏ដោយ ជុំវិញករណីនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ជាផ្លូវការអំពីអត្តសញ្ញាណរបស់អ្នកដែលត្រូវបានឃាត់ខ្លួន ក៏ដូចជាលទ្ធផលលម្អិតនៃការសាកសួរ និងបទចោទប្រកាន់ជាករណីអ្វីនៅឡើយទេ។ ព័ត៌មានបន្ថែមនឹងត្រូវរង់ចាំការបញ្ជាក់ពីសមត្ថកិច្ចជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចនៅពេលក្រោយ៕



