ហូឡង់ផ្ទេរមាសសុទ្ធ ១០ ប៊ីលានដុល្លារពីអាមេរិក ទៅតម្កល់នៅអង់គ្លេសវិញ ខណៈបញ្ហាភូមិសាស្ត្រនយោបាយ​កើនឡើង

ប្រទេស​ហូឡង់បានផ្ទេរមាសបម្រុង តម្លៃប្រមាណ ១០ ប៊ីលានដុល្លារ ចេញពីសហរដ្ឋអាមេរិក និងកាណាដា ទៅតម្កល់នៅចក្រភពអង់គ្លេសវិញ ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជាក្នុងទំនាក់ទំនង​អន្តរអាត្លង់ទិក កាន់តែកើនឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិល្បីៗ រួមទាំង Bloomberg និង Al Jazeera។

ធនាគារកណ្ដាលហូឡង់ (DNB) បានឱ្យដឹងកាលពីថ្ងៃពុធថា ការផ្លាស់ទីនេះ មានគោលបំណងធ្វើឱ្យប្រទេសរបស់ខ្លួន ​មាន​ការត្រៀមខ្លួនកាន់តែប្រសើរឡើង​ ប្រសិនបើមានវិបត្តិធ្ងន់ធ្ងរកើតឡើង និងធានាថា មាសអាចយកមកប្រើប្រាស់បានលឿននៅពេលចាំបាច់។

ហូឡង់មានមាសបម្រុងសរុបប្រមាណ ៦១២ តោន ដែលមានតម្លៃជាង ៧២ ​ប៊ីលានអឺរ៉ូ។ មុនការផ្ទេរ មាសបម្រុងរបស់ប្រទេសនេះ រក្សាទុកនៅហូឡង់ ៣១% ទីក្រុងឡុងដ៍ ១៨% និងជាងពាក់កណ្ដាលទៀត រក្សាទុក​នៅនៅទីក្រុង​ញូវយ៉ក (សហរដ្ឋអាមេរិក​) និងអូតាវ៉ា (កាណាដា)។

បន្ទាប់ពីការរៀបចំថ្មី សមាមាត្រមាសនៅទីក្រុងឡុងដ៍ ​បាន​កើនឡើងដល់ជាង ៣២% ខណៈមាសដែលរក្សាទុកនៅសហរដ្ឋអាមេរិក និងកាណាដា ត្រូវបានកាត់បន្ថយមកប្រហែល ១៨,៥% ក្នុងប្រទេសនីមួយៗ​។

DNB បានបញ្ជាក់ថា ការផ្ទេរមាសត្រូវបានធ្វើទាំងតាមរយៈការលក់មាសពីទីតាំងមួយ ​ហើយ​ទិញនៅទីតាំងមួយទៀត ព្រមទាំងការ​ដឹកជញ្ជូនដុំមាសសុទ្ធ​ដោយផ្ទាល់​ ដើម្បីកាត់បន្ថយហានិភ័យ និងការ​ចំណាយក្នុងការផ្លាស់ទីមាសបរិមាណធំ។

ធនាគារកណ្ដាលហូឡង់ (DNB) លោក Olaf Sleijpen

ប្រធាន DNB លោក Olaf Sleijpen បាននិយាយថា៖ «យើងរំពឹងថា យើងនឹងមិនចាំបាច់ប្រើមាសទាំងនេះឡើយ ប៉ុន្តែយើងត្រូវពង្រឹងភាពធន់ និងការត្រៀមខ្លួនរបស់យើង»។

ធនាគារកណ្ដាលហូឡង់មិនបានបញ្ជាក់ថា វិបត្តិប្រភេទណាដែលខ្លួនកំពុងត្រៀមទប់ទល់នោះទេ។ ប៉ុន្តែការផ្ទេរមាសនេះកើតឡើងក្នុងពេលដែលទំនាក់ទំនងរវាងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​និង​អឺរ៉ុបកាន់តែមានភាពតានតឹង ជាពិសេស​លើបញ្ហាពាណិជ្ជកម្ម សន្តិសុខ និងគោលនយោបាយការបរទេស។

ផ្នែកពាណិជ្ជកម្ម រដ្ឋបាល ​ត្រាំ បានដាក់សម្ពាធលើសម្ព័ន្ធមិត្តអឺរ៉ុបតាមរយៈពន្ធគយ និងការទាមទារ​ឱ្យ​អឺរ៉ុប​បើកទីផ្សារឱ្យទំនិញអាមេរិកកាន់តែច្រើន។ ជាមួយគ្នានេះ លោក ត្រាំ ក៏បានរិះគន់បណ្តាប្រទេសអឺរ៉ុបម្តងហើយម្តងទៀតថា មិនបានចំណាយលើវិស័យការពារជាតិគ្រប់គ្រាន់ និងពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក។ ថ្មីៗនេះ អាមេរិក​ក៏កំពុងពិនិត្យឡើងវិញពីវត្តមានយោធាអាមេរិកនៅអឺរ៉ុប ដែលធ្វើ​ឱ្យ​សម្ព័ន្ធមិត្តមានការព្រួយបារម្ភអំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អាមេរិកចំពោះ

បញ្ហាមួយទៀតគឺសង្គ្រាមអ៊ីរ៉ង់។ លោក ត្រាំ បានរិះគន់ប្រទេសអឺរ៉ុបមួយចំនួន ​រួមមានអេស្ប៉ាញជាដើមនោះ ​ចំពោះការមិន​ចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់។ ​ទន្ទឹមនឹងនោះ ត្រាំ ក៏បានទាមទារការគ្រប់គ្រងកោះហ្រ្គីនឡែនដ៍របស់ដាណឺម៉ាក ជាអ្វីដែលអឺរ៉ុបបានជំទាស់យ៉ាងដាច់អហង្ការ។ ​

​ដាច់ដោយឡែក អឺរ៉ុបនៅតែចង់បន្តគាំទ្រអ៊ុយក្រែន និងរក្សាសម្ពាធលើរុស្ស៊ី ខណៈរដ្ឋបាល ត្រាំ បានផ្តោតកាន់តែខ្លាំងលើការចរចាដើម្បីបញ្ចប់សង្គ្រាម។ ថ្មីៗនេះ លោក ត្រាំ ក៏បាននិយាយថា សហរដ្ឋអាមេរិកនឹងស្វែងរកការសងប្រាក់ពីបណ្តាប្រទេសអឺរ៉ុប សម្រាប់ជំនួយយោធាដែលអាមេរិកបានផ្តល់ដល់អ៊ុយក្រែនកន្លងមក។ ​

ភាពតានតឹងទាំងនេះ មិនមានន័យថា សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងផ្តាច់ទំនាក់ទំនងគ្នានោះទេ ប៉ុន្តែវាបានបង្កើនការព្រួយបារម្ភថា ការពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់ទ្រព្យសម្បត្តិ ឬសន្តិសុខសំខាន់ៗ អាចមានហានិភ័យកាន់តែខ្ពស់ ប្រសិនបើទំនាក់ទំនង​អន្តរអាត្លង់ទិកកាន់តែអាក្រក់។

ដោយហេតុនេះ អ្នកវិភាគមើលឃើញថា ការផ្ទេរមាសរបស់ហូឡង់អាចជាផ្នែកមួយនៃនិន្នាការដែលធនាគារកណ្ដាលមួយចំនួនចង់រក្សាការគ្រប់គ្រងជាក់ស្តែងលើមាសបម្រុងរបស់ខ្លួនកាន់តែច្រើន។ ទោះជាយ៉ាងណា DNB បានសង្កត់ធ្ងន់ថា ការផ្លាស់ទីនេះជាចម្បងគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ​បែង​ចែក​ហានិភ័យ និងការត្រៀមខ្លួនសម្រាប់វិបត្តិ មិនមែនជាសេចក្តីថ្លែងការណ៍នយោបាយប្រឆាំងសហរដ្ឋអាមេរិកឡើយ។

​ហូឡង់​មិនមែនជាប្រទេសទីមួយទេដែលធ្វើដូច្នេះ។ កាលពីដើមឆ្នាំនេះ ធនាគារកណ្ដាលបារាំងបានផ្ទេរមាសប្រមាណ ១២៩ តោន ពីញូវយ៉កត្រឡប់ទៅបារាំងវិញ ខណៈអាល្លឺម៉ង់ក៏ធ្លាប់ផ្ទេរមាសជាង ៦០០ តោន ពីញូវយ៉កទៅក្រុងហ្វ្រែងហ្វឺត របស់ខ្លួន ​ក្នុងអំឡុងឆ្នាំ ២០១៣-២០១៧៕

អត្ថបទដែលជាប់ទាក់ទង