ការិយាល័យថវិកាសភា៖ការចំណាយរបស់អាមេរិកលើសង្គ្រាមជាមួយអ៊ីរ៉ង់ឡើងដល់៣៨ពាន់លានដុល្លារ

យោងតាមរបាយការណ៍ពីស្ថាប័នគណនេយ្យឯករាជ្យរបស់សភាអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ១៥កញ្ញាសប្ដាហ៍នេះបានឲ្យដឹងថា សង្គ្រាមរយៈពេល ៦ ខែរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់បានចំណាយអស់ ៣៨ ពាន់លានដុល្លារមកទល់ពេលនេះ ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើង ៣ ពាន់លានដុល្លារក្នុងមួយខែ ខណៈរដ្ឋបាលរបស់លោក Trump កំពុងស្វែងរកវិធីបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រ Hormuz ដ៏មានសារៈសំខាន់ឡើងវិញ។

យោងតាមការគណនារបស់ការិយាល័យថវិកាសភា សង្គ្រាមនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យអត្រាអតិផរណាកើនឡើង ០,៥% នៅក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៧ ដែលបានបូកសរុបការចំណាយរហូតដល់ថ្ងៃទី ១ ខែសីហា។

ការចំណាយដែលកើនឡើងជាបន្តបន្ទាប់នេះ បានដាក់សម្ពាធលើស្តុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យតម្លៃថាមពលកើនឡើង ដែលបង្កជាក្តីបារម្ភអំពីសមត្ថភាពរបស់ប្រទេសនេះក្នុងការឆ្លើយតបទៅនឹងជម្លោះដែលអាចកើតមានផ្សេងទៀត ព្រមទាំងបន្ថែមសម្ពាធលើថវិកាសហព័ន្ធដែលកំពុងស្ថិតក្នុងស្ថានភាពតានតឹងស្រាប់។
តួលេខចំណាយនេះគឺប្រហាក់ប្រហែលនឹងទឹកប្រាក់ចំនួន ៣៧,៥ ពាន់លានដុល្លារ ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បានរាយការណ៍នៅក្នុងកិច្ចប្រជុំសវនាការរបស់ព្រឹទ្ធសភាកាលពីថ្ងៃទី ២១ ខែកក្កដា។

ការិយាល័យថវិកាខាងលើបានបញ្ជាក់ថា ផ្នែកដ៏ធំនៃការចំណាយនេះគឺបណ្តាលមកពីការប្រើប្រាស់គ្រាប់រំសេវយ៉ាងឆាប់រហ័ស ដោយប៉ាន់ប្រមាណថាវាអាចត្រូវការពេល ៥ ឆ្នាំដើម្បីបំពេញស្តុករបស់សហរដ្ឋអាមេរិកឡើងវិញ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីខែសីហាថា សហរដ្ឋអាមេរិកបានប្រើប្រាស់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ និងមានរយៈចម្ងាយឆ្ងាយរបស់ខ្លួន ស្ទើរតែទាំងអស់ ក្នុងអំឡុងពេលនៃសង្គ្រាមនេះ ៕

អត្ថបទដែលជាប់ទាក់ទង