មន្ត្រី អាមេរិក ណាត់ជួបក្រុមហ៊ូធីស្ងាត់ៗ នៅអូម៉ង់ ក្រោយការវាយលុកដ៏ខ្លាំងក្លានៅសមុទ្រក្រហម
ប្រភពស្និទ្ធចំនួន ៥នាក់ ដែលដឹងរឿងរ៉ាវនៃជំនួបរវាងមន្ត្រី អាមេរិកនិងក្រុមសកម្មប្រយុទ្ធហ៊ូធី បាននិយាយថា មន្ត្រីអាមេរិកបានជួបជាមួយតំណាងក្រុមហ៊ូធីដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន នៅប្រទេសអូម៉ង់ កាលពីចុងសប្តាហ៍មុន ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមគាំទ្រដោយអ៊ីរ៉ង់ បានវាយដណ្តើមគ្រប់គ្រងតំបន់ច្រក Bab Al-mandeb នៅច្រកកដបនៃតំបន់សមុទ្រក្រហម នៅក្នុងប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំមួយ ដែលបានកម្ទេចកងកម្លាំងគាំទ្រដោយអារ៉ាប៊ីសាអូឌីត។

យោងតាមសារព័ត៌មាន Reuters ផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា, ដោយផ្អែកតាមប្រភពចំនួន ៣ ក្នុងចំណោមនោះ បាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថា កិច្ចប្រជុំដែលមិនត្រូវបានប្រកាសជាសាធារណៈនេះ ត្រូវបានធ្វើឡើងនៅស្ថានទូតអាមេរិកប្រចាំនៅទីក្រុងមូស្កាត (Muscat) ប្រទេសអូម៉ង់។ ជាក់ស្ដែង រដ្ឋាភិបាលរបស់អូម៉ង់ ដែលជាអ្នកសម្របសម្រួលក្នុងតំបន់ជាយូរមកហើយនោះ បានជួយរៀបចំកិច្ចប្រជុំនេះឡើង។
ភាគីអាមេរិក ត្រូវបានតំណាងដោយបុគ្គលិកស្ថានទូត។ ប្រភពមួយក្នុងចំណោមនោះ បាននិយាយថា គណៈប្រតិភូក្រុមហ៊ូធី រួមមានមន្ត្រីជាន់ខ្ពស់ម្នាក់ ដែលកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អាមេរិក គឺលោក Mohammad Abdulsalam។ ប្រភពមួយទៀត បានបញ្ជាក់ពីវត្តមានរបស់លោក Abdulsalam រួមជាមួយមន្ត្រីជាន់ខ្ពស់ហ៊ូធីម្នាក់ទៀត គឺលោក Abdelmalik al-Ajiri។
នៅក្នុងជំនួបនោះ ដែលប្រភពមួយបាននិយាយថាបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ក្រុមហ៊ូធីបានប្រាប់មន្ត្រីអាមេរិកថា ពួកគេគ្មានបំណងវាយប្រហារលើនាវាអាមេរិកឡើយ ហើយពួកគេបានប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ២០២៥ ជាមួយអាមេរិក នេះបើយោងតាមប្រភពពីររូប។ ប្រភពមួយរូប ដែលជាជនជាតិយេម៉ែន បាននិយាយថា ក្រុមនេះក៏បាននិយាយផងដែរថា ពួកគេនឹងមិនវាយប្រហារលើនាវាអ៊ីស្រាអែលនោះទេ។
សូមបញ្ចាក់ដែរថា រដ្ឋបាលរបស់លោក ត្រាំ ធ្លាប់ចាត់ទុកក្រុមហ៊ូធីជា អង្គការភេរវកម្មបរទេស កាលពីខែមីនា ឆ្នាំ២០២៥ ដែលធ្វើឲ្យការគាំទ្រដល់ក្រុមនេះក្លាយជាទង្វើខុសច្បាប់។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន បានចរចាជាមួយពួកគេចាប់តាំងពីពេលនោះមក ដោយបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយកាលពីខែឧសភាឆ្នាំមុន បន្ទាប់ពីបានទម្លាក់គ្រាប់បែកលើក្រុមនេះអស់រយៈពេលពីរខែ ដើម្បីបញ្ឈប់យុទ្ធនាការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម៕

