គ្មានការលើកលែង! លៀសខុសច្បាប់ជាង ៣តោន ត្រូវចាក់លែងចូលបឹងទន្លេសាប ខណៈកាណូត ៦គ្រឿង ត្រូវរក្សាទុកចាត់ការតាមច្បាប់
ខេត្តកំពង់ធំ ៖ លៀសខុស ច្បាប់ជាង៣តោន ត្រូវបានចាក់លែង ចូលក្នុងបឹងទន្លេសាបវិញ នៅតំបន់អភិរក្សបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ នេះបើយោងតាមផេកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានប្រកាសនាថ្ងៃទី០១ ខែវិច្ឆិកានេះ ។
នៅវេលាម៉ោង៤ និង៣០នាទី ទាបភ្លឺ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោស សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងជាសមាជិកគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្របឹងទន្លេសាប បានដាក់បទបញ្ជាដល់ទីបញ្ជាការស្រាលប្រចាំការ នៅឃុំពាមបាង ស្រុកស្ទោង ធ្វើសកម្មភាពបង្ក្រាបបទល្មើស ការនេសាទលៀសដោយកម្លាំងម៉ាស៊ីន នៅតំបន់អភរក្ស និងការដឹកជញ្ជូនលៀសខុសច្បាប់ ដោយរឹបអូសបានកាណូត ចំនួន៦គ្រឿង បានចាក់លែងលៀស ដែលនេសាទដោយខុសច្បាប់ ប្រមាណជាងបីតោន កញ្ច្រែងឧបករណ៍នេសាទលៀសខុសច្បាប់មួយចំនួន នឹងធ្វើកិច្ចសន្យាអប់រំប្រជាពលរដ្ឋចំនួន ២៧ នាក់ ឱ្យបញ្ឈប់សកម្មភាពនេសាទលៀសខុសច្បាប់ នៅតំបន់អភិរក្សបាឡត ស្ថិតនៅក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមពីបញ្ជាការស្រាល និងលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោង ដែលបានដឹកនាំកងកម្លាំងចម្រុះបំពេញភារកិច្ចដោយផ្ទាល់ បានបញ្ជាក់ថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ។
កងកម្លាំងចម្រុះ បានឃាត់ និងសាកសួរប្រជាពលរដ្ឋចំនួន២៧ នាក់ មកពីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង និងមធ្យោបាយកាណូត ចំនួន៦ គ្រឿង ដែលបានមកនេសាទលៀសខុសច្បាប់ នៅតំបន់អភិរក្សបាឡត ។ ក្រោយពីការសាកសួរធ្វើកំណត់ហេតុ និងបានធ្វើកិច្ចសន្យាអប់រំប្រជាពលរដ្ឋ ដែលធ្វើនេសាទខុសច្បាប់រួចហើយ កងកម្លាំងចម្រុះបានអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងចំនួន២៧នាក់ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ។
ដោយឡែក វត្ថុតាងកាណូតទាំង ៦គ្រឿង និងឧបករណ៍ផ្សេងទៀតត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្តីពីជលផល ។ ចំពោះប្រជានេសាទទាំង២៧នាក់ ត្រូវបានអនុញ្ញាត និងអញ្ជើញក្រុមគ្រួសារគាត់ឲ្យមកទទួលយកវិលត្រឡប់ទៅកាន់មូលដ្ឋានវិញ នៅឯខេត្តកំពង់ឆ្នាំងរួចហើយ ។ រីឯលៀស ខុសច្បាប់ប្រមាណជាង៣ តោន ត្រូវបានកងកម្លាំងចម្រុះចាក់ព្រលែងចូលក្នុងបឹងទន្លេសាបវិញ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសហការគ្នាធ្វើសកម្មភាព បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យដូចភ្លៀងរលឹមដោយគ្មានការដកថយឡើយ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងលិខិតបទដ្ឋាននានាស្តីពីការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ របស់រដ្ឋបាលខេត្តកំពង់ធំ និងច្បាប់ស្ដីពីជលផល ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ៕


