រុស្ស៊ី និង​អ៊ុយក្រែន បន្ត​វាយ​ប្រហារ​គ្នា លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាម​ពល​ ដោយ​មិន​​ខ្វល់ពីការ​ព្រមាន​​របស់លោក​ ត្រាំ

រុស្ស៊ី និង​អ៊ុយក្រែន បាន​បើកការ​វាយ​ប្រហារ​សងសឹក​គ្នា​ទៅវិញទៅមកលើហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល រហូត​ដល់ថ្ងៃចន្ទ ដោយ​បាន​កំណត់គោលដៅ​លើតំបន់នានា ដែល​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ប្រកាស​កាល​ពីខែមុន​ថា ជា​តំបន់ហាមឃាត់ ទោះបីជា​មិនមាន​ការព្រមព្រៀង​ពីទីក្រុងកៀវ និងទីក្រុងម៉ូស្គូ​ ក៏ដោយ។

លោក ពូទីន និង​ លោក​ ហ្សេលេន​ស្គី

យោង​តាម​សារព័ត៌មាន Newsweek ផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ការវាយ​ប្រហារទាំង​​បានកើត​ឡើង​មួយថ្ងៃ​ មុនពេល​ក្រុម​អ្នកចរចារបស់​អ៊ុយក្រែន និង​រុស្ស៊ី គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​សម្រាប់ជុំថ្មី​ ដោយ​មាន​សហរដ្ឋអាមេរិក​ជាអ្នក​សម្រប​សម្រួល។ ការចរចា​នេះ​ មានគោល​បំណង​ស្វែង​រកកិច្ច​ព្រមព្រៀង​សន្តិភាព​មួយ ដោយ​សារ​រហូត​មក​ទល់​ពេលនេះ​ នៅតែ​មិនអាចសម្រេច​បាននៅឡើយទេ ទោះ​បីជាលោក ដូណាល់ ត្រាំ ​ធ្លាប់​បានសន្យា​ អំឡុង​ពេល​បោះ​ឆ្នោត​ឡើងឆ្នាំ២០២៤ ថា នឹង​បញ្ចប់​ជម្លោះ​នេះ​ក្នុងរយៈពេល ២៤ម៉ោងក៏ដោយ។

លោក Aleksander Drozdenko អភិបាល​តំបន់ ​Leningrad បាន​ឱ្យដឹងថា យន្តហោះ​ដ្រូនមួយ​គ្រឿង​បាន​វាយប្រហារ​រោងចក្រ​ចម្រាញ់​ប្រេង Kirishi ស្ថិត​នៅ​ភាគអាគ្នេយ៍​របស់​ទីក្រុង Saint Petersburg ដោយ​បង្កឱ្យមាន​អគ្គិភ័យឆាប​ឆេះ។ រោង​ចក្រ​ចម្រាញ់​ប្រេងនេះ​ គឺជាកន្លែងធំជាង​គេទីពីរ​ក្នុងប្រទេស​រុស្ស៊ី ហើយ​អ៊ុយក្រែន​លើកឡើងថា រោងចក្រ​នេះ ជាកន្លែងផ្គត់ផ្គង់​ប្រេង ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រុស្ស៊ី។

មន្ត្រី​ថាមពល​សហរដ្ឋអាមេរិក​លើកឡើង​កាលពីឆ្នាំ​មុនថា រោងចក្រនៅតំបន់​ Kirishi អាច​នឹង​មាន​សមត្ថភាព​ផលិត​ប្រេងបានរហូតដល់ ​៤០០ ០០០បារ៉ែលក្នុង​មួយថ្ងៃ។ ទីក្រុងកៀវ​ ប៉ាន់​ប្រមាណថា រោង​ចក្រចម្រាញ់​ប្រេងនេះ​មានសមត្ថភាព​ចម្រាញ់​ប្រេងឆៅ​ប្រហែល ២០ ​លានតោន​ក្នុងមួយឆ្នាំ ស្មើនឹង​ជាង ៦ភាគរយ​នៃប្រតិបត្តិការ​ចម្រាញ់​ប្រេង​ សរុបរបស់​ប្រទេសរុស្ស៊ី។

លើស​ពីនេះ កងទ័ពអ៊ុយក្រែន​ប្រកាសកាល​ពីថ្ងៃចន្ទថា ​ខ្លួនបាន​វាយ​ប្រហាររោងចក្រ​ប្រេងឥន្ធនៈ​មួយកន្លែង ដែលមានទំនាក់ទំនងជាមួយ​ប្រព័ន្ធ​មីស៊ីល​ផ្លោង Iskander របស់​រុស្ស៊ី នៅ​ជិតទីក្រុង Saint ​Petersburg ។

ទន្ទឹម​នឹង​នេះ រុស្ស៊ីបាន​វាយប្រហារតប​វិញ​លើស្ថានីយ​អគ្គិសនីមួយ​ចំនួន​នៅតំបន់ Dnipropetrovsk, Cherkasy និង ​Vinnytsia របស់​អ៊ុយក្រែន ព្រមទាំង​នៅ​ជុំវិញរដ្ឋធានី​​ កាល​ពីព្រឹក​ថ្ងៃចន្ទ​ ផង​ដែរ​។

ជុំ​វិញ​ហេតុការណ៍​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ​ ហ្សេលេន​ស្គី ថ្លែង​កាលពីថ្ងៃចន្ទ​ថា៖ «ពេលនេះ ទីក្រុង និងសហគមន៍​ជា​ច្រើន​របស់យើង កំពុងប្រឈមនឹងស្ថានភាព​ដ៏លំបាក​បំផុតទាក់ទង​នឹងការផ្គត់​ផ្គង់អគ្គិសនី ទឹក និងកម្ដៅ ដោយសារតែការវាយប្រហារ​របស់រុស្ស៊ី»។

ទិដ្ឋភាពនៅ​ទី​ក្រុង​កៀវ​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​ ឆ្នាំ ២០២៦

កាល​ពី​​ថ្ងៃទី១១ ខែតុលា លោក ត្រាំ ប្រកាសថា ប្រទេស​ទាំងពីរ​នឹងគោរព​តាម «បទឈប់​បាញ់​ផ្នែកថាមពល» ដោយយល់​ព្រម​ មិន​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់ភាគីម្ខាងទៀត។ ទាំងទីក្រុងមូស្គូ ​និងទីក្រុងកៀវ មិន​បានបញ្ជាក់ថាពួកគេ​យល់ព្រម​លើការផ្អាក​នេះទេ ។

ទោះ​បីជាមិនមានការវាយ​ប្រហារពី​សំណាក់អ៊ុយក្រែន​ ទៅលើរោងចក្រ​ចម្រាញ់ប្រេង​របស់រុស្ស៊ី​ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពីការលើកឡើង​របស់លោក ត្រាំ ក៏ដោយ ភាគីអ៊ុយក្រែន​ បានលើកឡើងថា រុស្ស៊ី​នៅ​តែបន្តវាយប្រហារ​លើទីតាំងនានារបស់​អ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង