ឆេះស្រឡាងដឹកអ្នកដំណើរនៅឥណ្ឌូណេស៉ី សម្លាប់មនុស្ស៣នាក់ ខណៈជាង៥០០នាក់ ត្រូវបានជួយសង្រ្គោះ
(ហ្សាការតា)៖ អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី នាថ្ងៃចន្ទ ទី២១ ខែកក្កដា បានឱ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និងជាង៥០០នាក់ ត្រូវបានជួយសង្រ្គោះ ក្រោយស្រឡាងដឹកអ្នកដំណើរធំមួយ បានរងការឆាបឆេះនៅក្បែរកោះ Sulawesi។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
ឆ្មាំសមុទ្រឥណ្ឌូណេស៉ី បានប្រាប់ថា អ្នកដំណើរដែលភ័យស្លន់ស្លោ បាននាំគ្នាលោតចូលទៅក្នុងទឹក ប៉ុន្តែដោយមានពាក់អាវពោង បន្ទាប់ពីអគ្គិភ័យសន្ធោសន្ធៅមួយ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅលើស្រឡាងឈ្មោះ KM Barcelona 5 ដែលធ្វើដំណើរឆ្ពោះទៅទីក្រុង Manado នៃខេត្ត Sulawesi ខាងជើង។
អាជ្ញាធរឥណ្ឌូណេស៉ី បាននិយាយថា មនុស្សយ៉ាងហោច ៥៦៨នាក់ ត្រូវបានជួយសង្រ្គោះចេញពីស្រឡាងនិងពីផ្ទៃទឹក ខណៈ៣នាក់ផ្សេងទៀត ត្រូវបានរកឃើញថាស្លាប់។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ស្រឡាងនោះមានសមត្ថភាពផ្ទុកមនុស្សបានសរុបប្រហែល៦០០នាក់។
គួរបញ្ជាក់ថា ឧបទ្ទវហេតុខាងលើ កើតមានឡើង ក្រោយកាលពីអំឡុងដើមខែកក្កដានេះ មានស្រឡាង១គ្រឿងផ្សេងទៀត បានលិចនៅក្បែរកោះទេសចរណ៍ដ៏ល្បីរបស់ឥណ្ឌូណេស៉ី គឺកោះ Bali ដោយសារតែជួបអាកាសធាតុអាក្រក់ ហើយបណ្តាលឱ្យមនុស្សយ៉ាងហោច១៩នាក់ បាត់បង់ជីវិត៕