ចិន រុស្ស៉ី និងម៉ុងហ្គោលី បង្កើនទំនាក់ទំនងសន្តិសុខ ជាមួយការធ្វើសមយុទ្ធការពារព្រំដែន

(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី៩ ខែកញ្ញា យោធាចិនបានឱ្យដឹងថា ចិន រុស្ស៉ី និងម៉ុងហ្គោលី ក្នុងសប្តាហ៍នេះ បានធ្វើសមយុទ្ធការពារព្រំដែនរួមគ្នា ជាលើកដំបូងបង្អស់ ដែលគូសរំលេចអំពីការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសជិតខាងទាំង៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោធាចិនបាននិយាយថា សមយុទ្ធខាងលើ បានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ មកដល់ថ្ងៃអង្គារសប្តាហ៍នេះ នៅតំបន់ព្រំប្រទល់មួយកន្លែង ដែលប្រទេសទាំង៣ស្ថិតជាប់គ្នា ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត ក្នុងចំណោមភាគីទាំងបី, ពង្រឹងសមត្ថភាពទប់ទល់ការគំរាមកំហែងផ្នែកសន្តិសុខនៅតាមព្រំដែន និងបន្តកសាងការជឿទុកចិត្តគ្នាជាយុទ្ធសាស្រ្តបន្ថែមទៀត។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធត្រីភាគីនេះ គឺកើតមានឡើងបន្ទាប់ពី មេដឹកនាំប្រទេសទាំង៣ ទើបតែបានជួបគ្នានៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ជាមួយមេដឹកនាំបរទេសសរុបជាង២០រូប។ ម៉ុងហ្គោលី មានឋានៈជារដ្ឋអង្កេតការណ៍នៅក្នុង SCO ចាប់តាំងតែពីឆ្នាំ២០០៤មក៕

អត្ថបទដែលជាប់ទាក់ទង