អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិចំនួន៣សំខាន់ៗ។

លិខិតបទដ្ឋានគតិយុត្តិចំនួន៣ ដែលត្រូវបានផ្សព្វផ្សាយក្នុងឱកាសនោះ រួមមាន៖

*ទី១៖ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តនិយាមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
*ទី២៖ សេចក្ដីជូនដំណឹង ស្តីពីការរៀបចំនីតិវិធីគ្រប់គ្រង និងវត្ថុតាងពាក់ព័ន្ធការបង្ក្រាបបទល្មើសឆបោកប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បម្រើឲ្យនីតិវិធី នៃការបណ្តេញជនល្មើសចេញពីព្រះរាជាណាចក្រកម្ពុជា
*ទី៣៖ សជណរបសក្រសួងមហាផ្ទៃ ស្តីពីវិធានការហាមឃាត់ចំពោះការបញ្ជាក់ដឹងឮ ឬការបញ្ជាក់យល់ព្រមលើឯកសារពាក់ព័ន្ធ និងអត្តសញ្ញាណដីធ្លីរបស់សមាជិក ឬសហគមន៍ជនជាតិដើមភាគតិច សម្រាប់ធ្វើឯកសារទិញ ឬលក់ ឬបញ្ចាំ ឬធ្វើជាឯកសារសម្រាប់បម្រើដល់ប្រតិបត្តិការហិរញ្ញវត្ថុនានា។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែងរួមគ្នាជាថ្លុងមួយ ក្នុងស្មារតីស្នេហាជាតិ បានចូលរួមជាស្បៀង និងថវិកា ជួយដល់កងទ័ពនៅសមរភូមិមុខព្រំដែនកម្ពុជា ថៃ កំពុងការពារដែនអធិបតេយ្យជាតិ។

លោកបានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចខិតខំយកចិត្តទុក់ដាក់បង្រ្កាបក្មេងទំនើង គ្រឿងញៀន និងបានវាយតម្លៃខ្ពស់ សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងខេត្តគ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ដោយថែរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។ បញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បាននិងកំពុងបន្តបង្រ្កាបដូចភ្លៀងរលឹមដោយអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងធានាបានសន្តិសុខ សុវត្ថិភាពនៅគ្រប់មូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង