មន្ត្រីជាន់ខ្ពស់ CDC ស្នើឱ្យថ្នាក់ដឹកនាំខេត្តហឺណានរបស់ចិន បន្តជំរុញវិនិយោគិនមកពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយលោក Zheng Haiyang អភិបាលរងនៃគណៈអភិបាលខេត្តហឺណាន ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងខេត្តហឺណាន ប្រទេសចិន។

លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះគណៈប្រតិភូដែលបានធ្វើដំណើរមកកាន់កម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ឱ្យកាន់តែជាក់ច្បាស់ អំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។

លោកអគ្គលេខាធិការបានរំលឹកឡើងវិញ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីគ្រប់រដូវកាល ប្រកបដោយភាពស៊ីជម្រៅ និងជាក់ស្តែង ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកអគ្គលេខាធិការក៏បានថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំនៃរដ្ឋាភិបាលចិន និយាយជារួម និយាយដោយឡែកថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តហឺណាន ដែលតែងតែខិតខំជំរុញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលកិច្ចគាំទ្រនេះបានក្លាយជាកាតាលីករយ៉ាងសំខាន់ ក្នុងការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស។

ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការវិនិយោគមកពីប្រទេសចិននៅកម្ពុជាមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ បន្ថែមលើនេះ លោកអគ្គលេខាធិការបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំខេត្តហឺណាន នឹងបន្តជំរុញវិនិយោគិនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បី (១) ផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្គត់ផ្គង់សហគ្រាស ដែលបម្រើដល់ការនាំចេញក្នុងទម្រង់ជាប្រព័ន្ធអេកូឡូស៊ី និង (២) អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសឯកទេសផ្នែកកសិ-ឧស្សាហកម្មសម្រាប់ប្រមូលផ្តុំសហគ្រាសកែច្នៃ, បង្កើនតម្លៃបន្ថែម និងជំរុញស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្ម។

ជាការឆ្លើយតប លោកអភិបាលរងបានថ្លែងអំណរគុណ ជូនចំពោះលោកអគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃរដ្ឋបាលខេត្តហឺណាន។

លោកបានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កសិផលកម្ពុជាដែលបាន និងកំពុងមានវត្តមានជាបន្តបន្ទាប់នៅលើទីផ្សារខេត្តហឺណាន។

ស្របគ្នានេះ លោកបានគូសរំលេចអំពីឧត្តមភាពប្រៀបធៀបរបស់ខេត្តហឺណាន ដែលជាខេត្តមានភាពល្បីល្បាញខាងផ្នែកវប្បធម៌, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម។ ជាកិច្ចបញ្ចប់ លោកបានបង្ហាញជំនឿយ៉ាងមុតមាំថា ខេត្តហឺណាននឹងបន្តចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជា ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

សូមជម្រាបជូនផងដែរថា ខេត្តហឺណានគឺជាខេត្តដ៏មានសក្តានុពលមួយ របស់សាធារណរដ្ឋប្រជាមានិតចិន ដែលលាតសន្ធឹងតាមបណ្តោយទន្លេលឿង និងមានផ្ទៃដីសរុបចំនួន១៦៧.០០០គីឡូម៉ែត្រការ៉េ និងប្រជាជនសរុបប្រមាណ៩៨លាននាក់៕

អត្ថបទដែលជាប់ទាក់ទង