ចិន​៣នាក់​និង​ខ្មែរ​២​នាក់​ដែល​បន្លំ​ធ្វើ​ជា​នគរបាល​ជប៉ុន​ដើម្បី​ឆបោក​តាម​អនឡាញ ត្រូវ​បាន​ចោទប្រកាន់

សង្ស័យចំនួន ៥ នាក់​ដែលក្លែង​បន្លំ​​ធ្វើ​ជា​នគរបាល​ជប៉ុន​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​អនឡាញ ​ត្រូវ​បាន​ចោទ​ប្រកាន់​​ ​ក្នុង​នោះ​មាន​ខ្មែរ​ពីរ​នាក់​​​ ដែល​ត្រូវ​បាន​បង្ក្រាប​នៅ​ខេត្ត​ស្វាយ​រឿង​កាល​ពី​សប្ដាហ៍​មុន។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី១២ វិច្ឆិកា​នេះ​ថា ក្រុម​ជន​សង្ស័យ​​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៥នាក់ ក្នុង​នោះ​មាន​ចិន​៣​នាក់ (គេច​ខ្លួន​ម្នាក់) និង​ខ្មែរ ២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​​បង្ក្រាប​កាល​ពី​ថ្ងៃទី៤ វិច្ឆិកា នៅ​​ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើ​តាម​អយ្យការ​ ជន​សង្ស័យ​បាន​បន្លំ​ធ្វើ​ជា​នគរ​បាល​ទីក្រុង​តូក្យូ ដោយ​សមត្ថកិច្ច​បាន​រក​ឃើញ​អាវ​នគរបាល​តូក្យូ​ចំនួន​​ ២ឈុត និង​កាត​នគរបាល​ជប៉ុន​ចំនួន ២, សម្លៀក​បំពាក់​មួយ​ថង់, ត្រា​​មាន​​អក្សរ​ចិន​​ចំនួន​ ៨។

ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យទៅលើភស្តុតាង និងរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជា ជនជាតិចិន ៣ នាក់, ជនជាតិខ្មែរចំនួន ២ នាក់ និងបក្ខពួក​ពីបទ ឆបោកតាមប្រព័ន្ធបច្ចេក និងសមគំនិត និង​​ប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន។

បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល ក្រៅ​ពី​ការចោទប្រកាន់នេះ តំណាងអយ្យការក៏បានបង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកតម្រុយពាក់ព័ន្ធនឹងបទល្មើស សម្អាតប្រាក់​ផង​ដែរ។

ជនត្រូវ​ចោទ​ទាំង​៤​នាក់ដែលមានខ្លួន ស្ថិត​ក្នុង​ចំណោម​មនុស្ស​ ៥៧​នាក់​ដែល​សមត្ថកិច្ច​បង្ក្រាប​ នៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ដែលស្ថិត​ក្នុង​សញ្ជាតិ​ចំនួន ៦។ សមត្ថកិច្ច​រក​ឃើញ​ថា ពួក​គេ​បាន​ក្លែង​បន្លំ​ខ្លួន​ធ្វើ​ជា​មន្ត្រី​អាជ្ញាធរ​នៃ​ប្រទេស​ផ្សេង​ដើម្បី​គំរាម​ទៅ​លើ​ជន​រងគ្រោះ​ នៅ​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​របស់​ពួក​គេ៕

អត្ថបទដែលជាប់ទាក់ទង