ប៉ាគីស្ថានស្នើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាជុំទីពីររវាងអ៊ីរ៉ង់ និងអាមេរិក
ប្រទេសប៉ាគីស្ថានបានផ្តល់ជូននូវការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាជុំទីពីររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ដោយមានគោលបំណងឈានទៅរកកិច្ចព្រមព្រៀងមួយមុនពេលបទឈប់បាញ់បច្ចុប្បន្នផុតកំណត់។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Tass នាថ្ងៃទី១៤ខែមេសាឆ្នាំ២០២៦។
យោងតាមមន្ត្រីប៉ាគីស្ថាន ការពិភាក្សាផ្ទាល់ដែលអាចកើតមាននេះ អាចនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ខាងមុខ។ ទោះបីជាកិច្ចប្រជុំរយៈពេល២១ម៉ោងកាលពីថ្ងៃទី១១មេសា បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងជាផ្លូវការក៏ដោយ ក៏មន្ត្រីអាមេរិកដែលដកស្រង់សម្តីដោយទូរទស្សន៍ CNN បានកត់សម្គាល់ថា មានការវិវឌ្ឍជាវិជ្ជមានដើម្បីឆ្ពោះទៅរកដំណោះស្រាយ។
អនុប្រធានាធិបតីអាមេរិក លោក JD Vance បានឲ្យដឹងថា ក្រុងវ៉ាស៊ីនតោនបានដាក់សំណើរបស់ខ្លួនរួចហើយ ហើយពេលនេះកំពុងរង់ចាំការឆ្លើយតបពីទីក្រុងតេហេរ៉ង់។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចព្រមព្រៀងមួយដែលប្រកបដោយភាពយុត្តិធម៌៕