អាមេរិក ដាក់​សម្ពាធ​លើអ៊ីរ៉ង់ ដោយប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​កាត់ផ្តាច់ហិរញ្ញវត្ថុ​ដល់​យោធា​

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិកបានប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍ទី២៨ ខែឧសភាថា ខ្លួនបានដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតលើពាណិជ្ជកម្មប្រេងរបស់យោធាអ៊ីរ៉ង់ បើទោះបីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយក្នុងការបន្តបទឈប់បាញ់ និងដកការរឹតត្បិតលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ក៏ដោយ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent 

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថា ខ្លួនបានដាក់ទណ្ឌកម្មលើនាវាចំនួន ៨ គ្រឿង ដែលមានការពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងឆៅ និងផលិតផលប្រេងរបស់អ៊ីរ៉ង់ទៅកាន់ទីផ្សារពិភពលោក។ នាវាទាំងនោះរួមមាន នាវាដឹកប្រេង Flora មានទង់ជាតិកោះម៉ាសាល់ (Marshall Islands), នាវាដឹកប្រេងឆៅ Hauncayo មានទង់ជាតិប្រទេសកូម៉ូរ៉ូ (Comoros) និងនាវាដឹកប្រេង Ill Gap ទង់ជាតិប្រទេសប៉ាណាម៉ា ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «យើងនឹងមិនអនុញ្ញាតឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ បង្កើនចំណូលពីប្រេងរបស់ខ្លួន ក្នុងគោលបំណងយកទៅស្តារ និងពង្រឹងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាសមត្ថភាពយោធារបស់ពួកគេឡើងវិញនោះទេ»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនទាន់បានអនុម័តលើកិច្ចព្រមព្រៀងបទឈប់បាញ់នៃសង្គ្រាមនេះនៅឡើយទេ ដែលជាសង្គ្រាមបើកឆាកឡើងដោយអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ជម្លោះមួយនេះបានធ្វើឲ្យកក្រើកទីផ្សារសកលលោក តាមរយៈការបិទច្រកសមុទ្រដ៏មានសារៈសំខាន់បំផុតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ដែលជាច្រកទឹកធ្លាប់ហូរកាត់នូវប្រេង និងឧស្ម័នចំនួន ២០ ភាគរយរបស់ពិភពលោក។

ទន្ទឹមនឹងនេះ អាមេរិកក៏បានដាក់ទណ្ឌកម្មលើអង្គភាព និងក្រុមហ៊ុនជាង ១៥ ផ្សេងទៀត រួមមានក្រុមហ៊ុន Worth Seen Energy Limited នៅក្នុងទីក្រុងហុងកុង ក្រុមហ៊ុន Symphony Shipping and Maritime Management Inc នៅក្នុងទីក្រុងឌូបៃ និងក្រុមហ៊ុន Mehdiyev Trading Co នៅក្នុងទីក្រុងហុងកុងផងដែរ។

ក្រសួងហិរញ្ញវត្ថុបានបន្ថែមថា អង្គភាពរបស់អ៊ីរ៉ង់ដែលរងទណ្ឌកម្មមួយចំនួន ក៏បានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធលក់ប្រេងរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ដើម្បីទិញផលិតផលប្រេងពីក្រៅប្រទេសអ៊ីរ៉ង់ផងដែរ។ ក្រសួងបានលើកឧទាហរណ៍ថា ក្រុមហ៊ុន Worth Seen បានជួយទិញផលិតផលប្រេងចម្រាញ់ឲ្យក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ ក្នុងនាមក្រុមហ៊ុន Sepehr Energy Jahan ដែលជាផ្នែកលក់ប្រេងរបស់អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ហើយដែលស្ថាប័នយោធាមួយនេះធ្លាប់រងទណ្ឌកម្មពីសហរដ្ឋអាមេរិកកាលពីមុនរួចទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង