ជនដៃដល់ក្នុងសំណុំរឿងកាប់ប្រហារនារីជាសង្សារនិស្សិតឆ្នាំទី៣ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ និងកំពុងអនុវត្តនិតិវិធីច្បាប់

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍នគបាលចោមចៅទី៣ ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនដៃដល់ម្នាក់ក្នុងសំណុំរឿងកាប់ប្រហារនារីជាសង្សារនិស្សិតឆ្នាំទី៣ បណ្ដាលឲ្យរងរបួសធ្ងន់កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ឧសភាកន្លងទៅ។ ជនត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

ជនដៃដល់មានឈ្មោះ ឡុក ប៊ុនណា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរបុគ្គលិកហាង មានទីលំនៅបន្ទប់ជួលលេខ៤១B ស្ថិតនៅភូមិជម្ពូវន័២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ថា សូរិយា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរបុគ្គលិកហាង និងជានិស្សិតឆ្នាំទី៣ ស្នាក់នៅបន្ទប់ជួលលេខ៤១B ស្ថិតនៅភូមិជម្ពូវន័២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់ការកាប់ប្រហារនេះ ជនដៃដល់ និងជនរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយគ្នាជាង១ឆ្នាំមកហើយ តែដោយសារខឹងនារីជាសង្សារសុំចែកផ្លូវគ្នាទើបធ្វើឲ្យជនដៃដល់ ទាញកាំបិតចិតបន្លែកាប់ប្រហារបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង រួចជនដៃដល់រត់គេខ្លួនបាត់។

សូមជម្រាបថា ករណីកាប់ប្រហារប៉ុនប៉ងសម្លាប់លើនារីជាសង្សារនិស្សិតឆ្នាំទី៣នេះ បានកើតឡើងនៅវេលាម៉ោង០២ និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ ៤១B ជាន់ទី១ ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានសហការបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់នៅយប់ថ្ងៃដដែល ពោលគឺប្រើពេលត្រឹមតែជាង៧ម៉ោងប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង