អាជ្ញាធរខណ្ឌទួលគោក ឃាត់ខ្លួនមនុស្ស ៣ នាក់ ក្រោយរកឃើញប្រហិតបង្កកជាង ១ តោន នាំចូលពីថៃ

កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលមិញនេះ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានរកឃើញប្រហិតបង្កកចំនួន ២១ មុខ ស្មើនឹង ១២៣៤,៥៥ គីឡូក្រាម ជាផលិតផលនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ និង ឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ដើម្បីបន្តនីតិវិធីច្បាប់។

តាមរបាយការណ៍របស់រដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៥ និង ៣០ នាទី រហូតដល់ម៉ោង ២០ និង ០០ នាទី ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក សហការជាមួយ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង អគ្គនាយកដ្ឋាន ក.ប.ប ដោយបានកិច្ចសម្របសម្រួលផ្លូវច្បាប់ពី លោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងផ្ទះស្តុកផលិតផលរបស់ថៃ (ប្រហិតបង្កកចម្រុះ) ស្ថិតនៅផ្ទះលេខ ២៨៣ ផ្លូវម៉ៅសេទុង (ផ្លូវលេខ ២៤៥) ក្រុម ១០ ភូមិ ១ សង្កាត់ផ្សារដើមគរ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងបទល្មើសៈ នាំចូលស្តុកទុក ចរាចរ និង ចែកចាយផលិតផលប្រហិតបង្កកដែលមានប្រភពពីប្រទេសថៃ។

ជាលទ្ធផល ក្រុមប្រតិបត្តិការ បានរកឃើញ ៖ ប្រហិតបង្កកសរុប ២១ មុខ ស្មើនឹង ១២៣៤,៥៥ គីឡូក្រាម ជាផលិតផលនាំចូលពីប្រទេសថៃដោយខុសច្បាប់។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ រួមមាន ៖ ១.ឈ្មោះ សេត រ៉សាលី ភេទប្រុស អាយុ ៣៣ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវគីឡូម៉ែត្រលេខ ១០ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ២.ឈ្មោះ នាង ណារ័ត្ន ភេទប្រុស អាយុ ២៥ ឆ្នាំ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវគីឡូម៉ែត្រលេខ ៩ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ៣.ឈ្មោះ ឆាង អិន ភេទប្រុស អាយុ ៣៣ ឆ្នាំ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវគីឡូម៉ែត្រលេខ ៩ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនពាក់ព័ន្ធទាំង ៣ នាក់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី និង រក្សាទុកប្រហិតចម្រុះទាំងអស់នៅទីតាំងខាងលើ រួចបានបិទសៀលឃ្លុំបេទីតាំងផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង