លោក Joe Biden បានអត្ថាធិប្បាយដ៏កម្រ ដោយ រិះគន់គោលនយោបាយរបស់ លោក ដូណាល់ ត្រាំ វិញ ដោយហៅលោក ត្រាំ ថា ជាមនុស្សពុករលួយ ស្រឡាញ់ខ្លួនឯងជ្រុលហួសហេតុ និងអសមត្ថភាព
ក្រោយរងការវាយប្រហារពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ ជាញយៗ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអត្ថាធិប្បាយដ៏កម្រ ដោយ រិះគន់គោលនយោបាយរបស់ លោក ដូណាល់ ត្រាំ វិញ ដោយហៅលោក ត្រាំ ថា ជាមនុស្សពុករលួយ ស្រឡាញ់ខ្លួនឯងជ្រុលហួសហេតុ និងអសមត្ថភាព។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ។
លោក Biden ថ្លែងក្នុងព្រឹត្តិការណ៍រៃអង្គាសថវិការបស់គណបក្សប្រជាធិបតេយ្យ ក្នុងរដ្ឋ Maryland ថា៖ « វាមិនមែនគ្រាន់តែជាគម្រោងឥតប្រយោជន៍របស់គាត់ [លោក ត្រាំ] នោះទេ ដូចជាការរុះរើផ្នែកខ្លះនៃភាគខាងកើតនៃសេតវិមាន បង្កើតសាលរាំនិងដាក់ឈ្មោះរបស់គាត់នៅលើមជ្ឈមណ្ឌល Kennedy សាងសង់ក្លោងទ្វារមួយ ដើម្បីជាកិត្តិយសដល់គាត់ ថែមទាំងជួលជាងអាងហែលទឹកផ្ទាល់ខ្លួន …។ អូ! ពិតជាអ្នកចាញ់ដ៏ពិតប្រាកដមែន»។

សុន្ទរកថារយៈពេល ១០នាទី នៅកាស៊ីណូមួយក្នុងរដ្ឋ Maryland លោក Biden បានថ្លែងរិះគន់ លោក ដូណាល់ ត្រាំ យ៉ាងខ្លាំងបំផុត ចាប់តាំងពីចាកចេញពីតំណែង។
លោកមានប្រសាសន៍ថា៖ « អាងទឹក កំពុងឆ្លុះបញ្ចាំងពីអ្វីដែលអាក្រក់ជាងការស្រឡាញ់ខ្លួនឯងនិងអសមត្ថភាពក្នុងស្នូលនៃរដ្ឋបាលនេះ។ វាគឺអំពើពុករលួយ ជាអំពើពុករលួយ អំពើពុករលួយដ៏ឥតខ្ចោះ និងឥតមេត្តា។ អំពើពុករលួយក្នុងទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រអាមេរិកក្នុងចំណោមរដ្ឋបាលទាំងអស់»។
លោក Biden និយាយទៅកាន់មនុស្សជាច្រើន ដោយសំដៅទៅលើកុបកម្មនៅវិមាននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ថា៖ « អ្វីដែលធ្វើឱ្យខ្ញុំខឹងនោះ គឺថា លោក ត្រាំ ចង់ផ្តល់ប្រាក់របស់អ្នកជាប់ពន្ធ គឺប្រាក់របស់អ្នកទៅឱ្យក្រុមឧទ្ទាមកាលពីថ្ងៃទី៦ ខែមករា។ នោះជាអ្វីដែលគាត់ចង់ធ្វើ។ មនុស្សទាំងនេះ[លោក ត្រាំ និងរដ្ឋបាលលោក] មិនសមនឹងទទួលបានសំណងទេ។ ពួកគេសមនឹងជាប់គុកយូរអង្វែង»៕
