មឈូសលោក Khamenei ហែទៅដល់អ៊ីរ៉ាក់ ស្របពេលអាមេរិក កំពុង​បន្តបើកការវាយប្រហារលើអ៊ីរ៉ង់

មឈូសតម្កល់សពអតីតមេដឹកនាំកំពូល​អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) បានដឹកទៅដល់ទីក្រុង Najaf ប្រទេសអ៊ីរ៉ាក់ ដើម្បីរៀបចំពិធីដង្ហែសពជាប្រវត្តិសាស្ត្រហើយ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ ពិធីនេះត្រូវធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក កំពុងតែបន្តបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា ទៅលើគោលដៅនានានៅក្នុងប្រទេសអ៊ីរ៉ង់។ នេះ​បើយោងតាម​​សារព័ត៌មាន Al Jazeera ចុះផ្សាយ​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២៦។

អតីត​មេដឹកនាំកំពូលអ៊ីរ៉ង់ ដែលបានកាន់អំណាច​ជិត ៤ទសវត្សរ៍ បានបាត់បង់ជីវិតរួមជាមួយសមាជិកគ្រួសារ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ នៅក្នុងការទម្លាក់គ្រាប់បែករួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល។

នៅពេលសពទៅដល់ព្រលានយន្តហោះអន្តរជាតិនាទីក្រុង Najaf នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi បានទៅទទួលដោយផ្ទាល់ និងបានប្រកាសដាក់ថ្ងៃនេះជាថ្ងៃឈប់សម្រាកជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពិធីដង្ហែសពដ៏ធំធេងមួយនេះ។ តាមគម្រោង ពិធីដង្ហែសពនឹងត្រូវធ្វើឡើងរយៈពេលច្រើនថ្ងៃ ដោយឆ្លងកាត់ទីក្រុងសក្ការបូជារបស់សាសនាឥស្លាមនិកាយស៊ីអ៊ីត គឺទីក្រុង Najaf និងទីក្រុង Karbala មុននឹងបញ្ជូនសពត្រឡប់ទៅបញ្ចុះនៅវិហារ Imam Reza ក្នុងទីក្រុង Mashhad ដែលជាស្រុកកំណើតរបស់លោកនៅក្នុងប្រទេសអ៊ីរ៉ង់ នាថ្ងៃព្រហស្បតិ៍។

អ្វីដែលគួរឱ្យកត់សម្គាល់គឺ​ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែលបានធ្វើដំណើរទៅចូលរួមពិធីនៅអ៊ីរ៉ាក់ដែរនោះ ត្រូវបង្ខំចិត្តកាត់ផ្តាច់កម្មវិធីភ្លាមៗ និងប្រញាប់ត្រឡប់ទៅប្រទេសវិញ ដោយសារតែអាមេរិកបានបើកការវាយប្រហារថ្មីៗបន្ថែមទៀតលើទឹកដីអ៊ីរ៉ង់។

សូមជម្រាប​ថា ការទទួលធ្វើពិធីបុណ្យសពកម្រិតរដ្ឋដ៏ធំនេះ បានរុញច្រានប្រទេសអ៊ីរ៉ាក់ឱ្យស្ថិតក្នុងស្ថានភាពដ៏ពិបាក និងទាល់ច្រក ព្រោះមេដឹកនាំអ៊ីរ៉ាក់ ត្រូវព្យាយាមរក្សាតុល្យភាពរវាងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់ផង និងការរក្សាទំនាក់ទំនងការទូតជាមួយវ៉ាស៊ីនតោនផង។ អ្នកវិភាគបានមើលឃើញថា ការដែលទីក្រុងតេហេរ៉ង់សម្រេចចិត្តដង្ហែសពលោក ខាមេនី ឆ្លងកាត់វិហារសំខាន់ៗក្នុងប្រទេសអ៊ីរ៉ាក់បែបនេះ គឺក្នុងគោលបំណងបង្ហាញទៅពិភពលោកពីសាមគ្គីភាព និងចង់បញ្ជាក់ពីឥទ្ធិពលនយោបាយនិងសង្គមដ៏ជ្រាលជ្រៅរបស់អ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់៕

អត្ថបទដែលជាប់ទាក់ទង