កងរាជអាវុធហត្ថខេត្តរតនគិរី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៣ និងសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ និងគ្រួសារយោធិនពលី

(រតនគិរី)៖ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិនកងរាជអាវុធហត្ថដែលបានចូលសោធននិវត្តន៍ និងគ្រួសារយោធិនពលី មរណៈ ជួបការលំបាកចំនួន ២៥នាក់។

ពិធីនេះរៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ ដែលបានចាប់កំណើតឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយ-នាយរងកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត ដែលបានបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណចំពោះការលះបង់របស់យោធិនទាំងអស់។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់មន្ត្រីអាវុធហត្ថដែលកំពុងបម្រើការងារ និងមន្ត្រីកងរាជអាវុធហត្ថដែលបានចូលសោធននិវត្តន៍។

នាយឧត្តមសេនីយ៍ តែងតែយកចិត្តទុកដាក់ និងបានណែនាំដល់ប្រធានអង្គភាព និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ មិនត្រូវទុកពួកគាត់ឲ្យនៅឯកាឡើយ ត្រូវមានការគាំទ្រឧបត្ថម្ភទាំងស្មារតី និងសម្ភារ ទៅតាមលទ្ធភាពជាក់ស្ដែងរបស់អង្គភាពនីមួយៗ ដើម្បីរំលឹកដល់វីរភាព និងជាការលើកទឹកចិត្តដល់មន្ត្រីកងរាជអាវុធហត្ថចូលសោធននិវត្តន៍។

ជាការឆ្លើយតបទៅនឹងអនុសាសន៍នេះ លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជូនដល់យោធិនសោធននិវត្តន៍ និងគ្រួសារយោធិនពលី មរណៈ ដោយក្នុងម្នាក់ៗទទួលបាន អង្ករចំនួន ០១បេ, ទឹកត្រីចំនួន ០១យួរ, ទឹកស៊ីអុីវចំនួន ០១យួរ, មីជាតិចំនួន ០១កេស, ទឹកបរិសុទ្ធវីអាទីវចំនួន ០១កេស, ទឹកក្រូចវីកូឡាចំនួន ០១កេស និងថវិកាចំនួន ១០០.០០០រៀល។

អត្ថបទដែលជាប់ទាក់ទង