រុស្ស៊ី ​វាយ​ប្រហារ​​កំពង់​ផែ​​ Odesa ​របស់​អ៊ុយ​ក្រែន​ សម្លាប់​នាវិក​៣នាក់ និង​របួស​៥​នាក់​

សមាជិក​នាវិក​បរទេស​ ៣នាក់​ បាន​បាត់​បង់​ជីវិត​ និង​ ៥នាក់ផ្សេងទៀតរង​របួស ក្នុងការវាយ​ប្រហាររបស់​រុស្ស៊ី​​លើ​​នាវាពាណិជ្ជកម្ម​ស៊ី​វិលមួយគ្រឿង ដែល​មាន​ផ្ទុកជីរ៉ែ​នៅកំពង់ផែអ៊ុយក្រែន​​ក្នុង​តំបន់ Odesa កាលពី​ថ្ងៃទី១៣ ខែកក្កដា ។ នេះបើយោងតាមក្រសួងអភិវឌ្ឍន៍​សហគមន៍ ​និងដែនដីរបស់អ៊ុយក្រែន និង​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន United 24 Media នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៦​ ។

នាវា​បរទេស​ដែល​រុស្ស៊ី​វាយ​ប្រហារ​

នាវា​បើកបរ​​ជា​មួយ​ទង់ជាតិ​ Togo ត្រូវ​បានវាយប្រហារ ខណៈកំពុង​ចត​នៅកំពង់ផែ។ មន្ត្រីអ៊ុយក្រែននិយាយថា ការវាយ​ប្រហារនេះ​បាន​វាយប្រហារទៅ​លើរចនាសម្ព័ន្ធខាងលើ​នៃនាវា បង្កឱ្យមាន​អគ្គិភ័យ។

យោង​តាម​ លោក Oleksii Kuleba រដ្ឋមន្ត្រីអភិវឌ្ឍន៍​សហគមន៍ និងដែនដីរបស់អ៊ុយក្រែន ឱ្យ​ដឹង​ថា​ នាវានេះ​កំពុងផ្ទុកជីរ៉ែ នៅ​ពេលរងការ​វាយ​ប្រហារពីរុស្ស៊ី។

លោក Kuleba លើក​ឡើង​ក្នុងសេចក្តីថ្លែងការណ៍​មួយ ចេញផ្សាយនៅ​ថ្ងៃទី១៣ ខែ​កក្កដា​ ថា៖ « ការវាយប្រហារនេះ​ បានកំណត់​គោល​ដៅ​ទៅ​លើរចនាសម្ព័ន្ធខាងលើ​នៃនាវា បណ្តាលឱ្យមានអគ្គិភ័យ»។

ក្រសួងបាន​បញ្ជាក់ថា សមាជិកនាវិក​ ៣នាក់ស្លាប់ និង ៥នាក់ផ្សេង​ទៀតរងរបួស។

យោងតាមអាជ្ញាធរកំពង់​ផែសមុទ្រអ៊ុយក្រែន(USPA) ការវាយប្រហារ​នេះក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងកន្លែងស្នាក់នៅស៊ីវិលនៅក្បែរនោះផងដែរ។

លោក Kuleba និយាយ​ថា​៖ « នេះជាការវាយប្រហារ​មួយផ្សេងទៀត​របស់​រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​ស៊ីវិល និងកំពង់ផែរបស់​អ៊ុយក្រែន។ ការវាយប្រហារបែបនេះ​គំរាមកំហែង​ដល់សុវត្ថិភាពនៃការ​ធ្វើនាវាចរណ៍អន្តរជាតិ ស្ថិរភាព​នៃពាណិជ្ជកម្ម​សកល និងសន្តិសុខ​ស្បៀងអាហាររបស់ពិភពលោក»។

យោង​តាមទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន UNIAN ឱ្យ​ដឹង​ថា សមាជិកនាវិកដែល​ស្លាប់ និងរងរបួសគឺជាពលរដ្ឋ​នៃប្រទេសអេហ្ស៊ីប ​និងស៊ីរី៕

អត្ថបទដែលជាប់ទាក់ទង