សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសទទួលស្វាគមន៍មតិយោបល់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីជួយឱ្យវិស័យ SME កាន់តែរីកចម្រើន សម្រាប់ផលប្រយោជន៍រួមរបស់ប្រទេសជាតិ
(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសទទួលស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីបានជាធាតុចូលបន្ថែមក្នុងការដោះស្រាយបញ្ហាប្រឈម របស់វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ធ្វើឱ្យវិស័យនេះកាន់តែរីកចម្រើនឡើង បម្រើផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយសម្រួលដល់ការបង្កើតនិងដំណើរការរបស់ SME។
ជាការពិតណាស់ ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានជាច្រើន ដែលយើងសម្រេចបាននាពេលកន្លងមក យើងក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវបន្តដោះស្រាយដើម្បីពង្រឹងវិស័យ SME ឱ្យកាន់តែរឹងមាំ។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន ដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បីជំនួសឱ្យការនាំចូល តួនាទីរបស់ SME គឺកាន់តែមានសារៈសំខាន់។
ក្នុងគោលដៅនេះ សម្តេចបានប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់ចេញវិធានការចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាជំរុញលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SME) ។
ក្នុងការរៀបចំនិងដាក់ចេញនូវគោលនយោបាយ ក៏ដូចជាវិធានការនីមួយៗនាពេលកន្លងមក រាជរដ្ឋាភិបាលតែងតែធ្វើការសិក្សាលំអិត ក៏ដូចជាពិភាក្សាជាមួយតំណាង SME វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលយកធ្វើជាមូលដ្ឋាន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងប់ថា «ក្នុងន័យនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានា, ខ្ញុំសូមស្វាគមន៍មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរក្នុងវិស័យ SME ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជាក្នុងការដោះស្រាយ ចំពោះបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូច ឬមធ្យមកំពុងជួបប្រទះ។ មតិយោបល់ទាំងនេះ គឺជាធាតុចូលបន្ថែមយ៉ាងសំខាន់ សម្រាប់រាជរដ្ឋាភិបាលធ្វើជាមូលដ្ឋានសម្រាប់ការដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយបញ្ហាសម្រាប់ SME ឱ្យកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ»៕