ការ​កាត់​បន្ថយជំនួយ​លើ​គម្រោង​ការពារ​គ្រោះមហន្តរាយរបស់​រដ្ឋបាល​ត្រាំ​ អាច​ជាហេតុបង្ក​ប៉ះពាល់​ដល់​«ប្រព័ន្ធ​ព្រមាន​​ជាមុន»​​ នៅនេប៉ាល់​

នៅ​ក្នុង​ខែមករា ឆ្នាំ២០២៥ រដ្ឋ​បាល​ លោក ដូណាល់ ត្រាំ​ បាន​កាត់​ផ្តាច់​មូលនិធិ​សម្រាប់កម្មវិធីគ្រោះ​មហន្តរាយធម្មជាតិ​រយៈពេលវែង ដែល​មានគោលបំណង​កំណត់អត្តសញ្ញាណ និងតាមដាន​ចំណុចក្តៅ​នៃការ​បាក់ដី​​ក្នុងប្រទេសនេប៉ាល់។

ខណៈកម្មវិធីនេះមិន​អាចទប់ស្កាត់​គ្រោះ​មហន្តរាយដែល​បានកើតឡើង​កាលពីសប្តាហ៍មុន​បាន​ទេ​ វា​គ្រាន់​តែ​តំណាង​ឱ្យ​ជំហានដំបូង​ឆ្ពោះទៅរក​ការការពារប្រភេទ​គ្រោះ​មហន្តរាយ​នានា ដែល​អាចកើត​ឡើង​នា​ពេលអនាគត។​ នេះបើយោង​តាម​សារព័ត៌មាន CNN ផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ ២០២៦ ។

ទឹកជំនន់​នៅ​នេប៉ាល់​

គ្រោះ​មហន្តរាយ​នៅ​​​នេប៉ាល់​ ​បានបង្ហាញ​នូវ​គ្រោះថ្នាក់កាន់តែខ្លាំង​ឡើង​​ ចំពោះ​អ្នក​​រស់នៅ​តំបន់ភ្នំ​ ​ដូចជា​​​ភ្នំ​ហិម៉ាល័យ​​ ខណៈភពផែនដី​បន្ត​កើន​ឡើង​កម្តៅ​ ដោយសារតែ​ការបំពុលអាកាសធាតុ​ពីសកម្មភាពរបស់មនុស្ស​។ ការកើន​ឡើងនៃសីតុណ្ហភាព កំពុង​ធ្វើឱ្យផ្ទាំងទឹកកក​នៅ​លើ​កំពូល​ភ្នំ​ មិន​ស្ថិតស្ថេរ ខណៈក៏បង្កើនហានិភ័យនៃ​ការបាក់ដី ទឹកជំនន់ភ្លាមៗ និងទឹកជំនន់​ផ្ទុះផ្ទាំងទឹកកកផង​ដែរ។

កម្មវិធីនេះ​ត្រូវបានគេស្គាល់​ថា ជា​គម្រោង «SERVIR-Hindu Kush Himalaya​» ។ វាមានគោល​បំណងកំណត់​អត្តសញ្ញាណតំបន់​​ណា​​ងាយនឹងបាក់ដី និងហានិភ័យផ្សេងទៀត​ដែល​ការប្រែប្រួលអាកាស​ធាតុ​ កំពុងធ្វើឱ្យកាន់តែកើត​មាន​ជាទូទៅ។ នេះបើយោងតាម​ លោក Birendra Bajracharya អតីតនាយក​គម្រោង។

លោក Bajracharya និយាយថា៖ « ការ​កាត់បន្ថយថវិកាបាន​បញ្ឈប់កិច្ចខិតខំប្រឹងប្រែង​ដើម្បីកែលម្អការយល់ដឹង​អំពីស្ថានភាពបាក់ដី​ ទាក់ទងនឹងភ្លៀងធ្លាក់​ខ្លាំង។ លើសពីនេះ ការរក​ឃើញ​ចលនា​ជម្រាល​សម្រាប់ការព្យាករណ៍បាក់ដី​ក៏មិនអាច​បញ្ចប់​បានដែរ»។

អ្នកនាំ​ពាក្យក្រសួងការបរទេស​អាមេរិក​​​ប្រាប់ CNN ថា ការ​កាត់បន្ថយ​ថវិកា​ កាល​ពី​ខែមករា ឆ្នាំ២០២៥​ បានកើតឡើង​មុនពេល​ការរៀប​ចំ​ របស់រដ្ឋបាល​នៃទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ​សហរដ្ឋអាមេរិក (USAID) ឡើងវិញ រួមមានការកាត់បន្ថយថវិកា​ដល់កម្មវិធីជាច្រើន​របស់ USAID ហើយ​ឧបករណ៍ និងសេវាកម្មរបស់​គម្រោង SERVIR-Hindu Kush Himalaya នៅ​តែសកម្ម​រហូតមកដល់សព្វថ្ងៃនេះ​ តាមរយៈអង្គការមួយផ្សេង​ទៀត គឺមជ្ឈមណ្ឌលអន្តរជាតិ​សម្រាប់ការអភិវឌ្ឍ​ភ្នំរួមបញ្ចូលគ្នា(ICIMOD)។

អ្នកនាំពាក្យក្រសួងការបរទេសក៏និយាយថា អាមេរិក​នៅតែគាំ​ទ្រកម្មវិធីកាត់បន្ថយទឹកជំនន់​ក្នុងប្រទេសនេប៉ាល់។ ទោះ​ជាយ៉ាងណា​ក៏ដោយ លោក Bajracharya និយាយថា ខ្លួន​​ត្រូវបាន​គេប្រាប់ថា មូលនិធិត្រូវ​បានកាត់បន្ថយ ដោយ​សារតែការផ្លាស់ប្តូរ​អាទិភាពរបស់​រដ្ឋបាលសហរដ្ឋអាមេរិក​លើជំនួយបរទេស និងការកាត់​បន្ថយ​ជំនួយ USAID​ ។

លោកបន្ត​ថា៖ « យើងបាន​ទទួលការជូន​ដំណឹងបញ្ឈប់ការងារ​នៅចុង​ខែមករា ឆ្នាំ២០២៥​ ។ កិច្ចសន្យានេះ​ដំបូងឡើយត្រូវបាន​សន្មត់​ថា​មានរយៈពេលរហូត​ដល់​ឆ្នាំ២០២៦​ »។

គួរ​បញ្ជាក់​ថា រដ្ឋបាល​ លោក ត្រាំ​ បាន​បង្កកជំនួយ​បរទេសស្ទើរតែ​ទាំង​អស់នៅទូទាំងពិភពលោក ប៉ុន្មានថ្ងៃ​បន្ទាប់ពី​ លោក ត្រាំ ចូលកាន់តំណែង និងចេញបទបញ្ជាប្រតិបត្តិដ៏ទូលំទូលាយមួយ ដើម្បីផ្អាកជំនួយ​បែបនេះ។​

មនុស្ស​ជាង ១​ ១០០នាក់​បាន​បាត់​បង់​ជីវិត​ ពេលបាក់ដី​ ផ្ទាំងទឹកកក និង​ថ្មដ៏ធំមួយ​នៅតំបន់ហិម៉ាល័យ​ បង្ក​ឱ្យមានទឹកជំនន់​​ ​ហូរ​យ៉ាង​លឿន វាយប្រហារប្រទេស​នេប៉ាល់ និងប្រទេស​ចិន នៅព្រឹកថ្ងៃទី២៦ ខែសីហា​។

លោក Bajracharya និយាយថា៖ « កម្មវិធី SERVIR ប្រហែល​ជាមិន​អាចផ្តល់​ការព្រមានជាមុន​អំពីទឹកជំនន់ទាំងនោះបានទេ ប្រសិន​បើ​វា​កំពុងដំណើរការ។ ព្រឹត្តិការណ៍​បាក់​ផ្ទាំងទឹកកកគឺ​កម្រណាស់ ដែល​អ្នកស្រាវជ្រាវមិន​ទាន់​អាចកំណត់​ការ​ជូន​ដំណឹង​ណា​មួយ​​ ពេល​វាកើតឡើង​នៅឡើយទេ។ ប៉ុន្តែកម្មវិធីនេះ ​កំពុង​ធ្វើការលើការរកឃើញ​ទីតាំង​​លើ​ព្រឹត្តិការណ៍បែបនេះ​​​ទំនង​កើតឡើង ​ជា​អ្វី​មួយ​ដែល​​អាច​ជួយ​​សហគមន៍​ឱ្យត្រៀមខ្លួន​បានកាន់តែប្រសើរ​សម្រាប់​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់នេះ​»។

លោក Bajracharya បន្ថែម​ថា កម្មវិធីទិន្នន័យមួយ​ចំនួន​ដែលជា​​គម្រោង ​SERVIR បាន​ផ្តួចផ្តើមឡើងនៅ​នេប៉ាល់​នៅ​តែបន្តដំណើរការ ​រួមទាំងការព្យាករណ៍លំហូរ​ទឹកសម្រាប់ទន្លេសំខាន់ៗក្នុងតំបន់ និង​ការ​ត្រួតពិនិត្យភ្លើងឆេះព្រៃ។

ទោះជាយ៉ាងណាក៏​ដោយ ការគូសផែនទីទឹក​ជំនន់លែង​ដំណើរ​ការ​ទៀត​ហើយ៕

អត្ថបទដែលជាប់ទាក់ទង