ពូទីន ត្រាំ និង ជីនពីង​ អាចនឹងជួបគ្នានៅខែវិច្ឆិកាខាងមុខ​ ​ក្នុងកិច្ច​ប្រជុំកំពូល APEC

ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បានថ្លែង​នៅ​ថ្ងៃទី២ ខែកញ្ញា ថា ប្រធានាធិបតីរុស្ស៊ី លោក​វ្លាដឺមៀរ ពូទីន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក​ ស៊ី ជិនពីង អាចនឹងរៀបចំជំនួបកំពូលត្រីភាគីមួយដ៏​មានសារៈសំខាន់​ នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នាខែវិច្ឆិកាខាងមុខ។

យោងតាមការចុះផ្សាយពីទីភ្នាក់់ងារ Reuters, នៅពេលទូរទស្សន៍រដ្ឋសួរដេញដោលអំពីលទ្ធភាពនៃជំនួបនេះ លោក Yuri Ushakov បានឆ្លើយតបថា បញ្ហានេះត្រូវបានលើកយកមកពិភាក្សា ពិតប្រាកដមែន។ លោកបានបន្តថា មេដឹកនាំទាំងបីរូបត្រូវបានរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលនេះ ហើយប្រសិនបើអ្វីៗប្រព្រឹត្តទៅដូចការគ្រោងទុក នោះមេដឹកនាំទាំងបីនឹងអាចជួបពិភាក្សាគ្នាបាន។

លោក Ushakov បានថ្លែងការណ៍នេះពីទីក្រុង Bishkek ដែលជាលំនៅកណ្តាលនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ជាទីតាំងមួយដែលលោក ពូទីន និងលោក ស៊ី បានចូលរួមក្នុងកិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការស៊ាងហៃ (SCO)។

សូមជម្រាបជូនថា ទាំងប្រទេស រុស្ស៊ី ចិន និង អាមេរិក សុទ្ធសឹងតែជាសមាជិកនៃអង្គការ APEC ដែលមានសមាជិកសរុប ២១ ប្រទេស។ ជាក់ស្ដែង ទីក្រុងសិនជិន នៃប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំ APEC បន្ទាប់ នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកាខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង