កូរ៉េខាងជើង បាញ់តេស្តមីស៉ីលគ្រូសនិងមីស៉ីលប្រឆាំងនាវា ចេញពីនាវាចម្បាំងរបស់ខ្លួន
(ព្យុងយ៉ាង)៖ នាថ្ងៃអង្គារ ទី១៤ ខែមេសា ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៉ីលគ្រូស និងមីស៉ីលប្រឆាំងនាវា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដែលជាផ្នែកមួយនៃការស្ទាបស្ទង់ប្រសិទ្ធភាពធ្វើប្រតិបត្តិការ នៃនាវាចម្បាំងប្រភេទ destroyer ថ្នាក់ Choe Hyon របស់ខ្លួន។
មីស៉ីលគ្រូសយុទ្ធសាស្រ្ត២គ្រាប់ និងមីស៉ីលប្រឆាំងនាវា៣គ្រាប់ ត្រូវបានបាញ់អំឡុងការធ្វើតេស្តសាកល្បងខាងលើ ក្រោមការត្រួតពិនិត្យផ្ទាល់របស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន រួមជាមួយក្រុមមន្រ្តីយោធាជាន់ខ្ពស់ និងមេបញ្ជាការកងទ័ពជើងទឹករបស់កូរ៉េខាងជើង។ យោងតាម KCNA មីស៉ីលគ្រូសបានហោះរយៈពេលប្រហែល៧៩០០វិនាទី ហើយមីស៉ីលប្រឆាំងនាវាបានហោះប្រហែល១៩៧០វិនាទី នៅលើផ្ទៃទឹកភាគខាងលិចប្រទេសកូរ៉េខាងជើង មុនវាយប្រហារចំគោលដៅក្នុងកម្រិតដ៏ច្បាស់លាស់។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានចាត់ទុកកិច្ចប្រឹងប្រែងពង្រឹងអ្វីដែលរូបលោកហៅថា សមត្ថភាពកំញើញដើម្បីទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរ ជាអាទិភាពកំពូលរបស់កូរ៉េខាងជើង។ ទន្ទឹមគ្នា លោកបានអំពាវនាវបង្កើនឱ្យកាន់តែប្រសើរថែមទៀត នូវសមត្ថភាពវាយប្រហារលក្ខណៈយុទ្ធសាស្រ្ត និងតាកទិក រួមជាមួយការត្រៀមខ្លួនឆ្លើយតបរហ័សភ្លាមៗ។
ទីក្រុងព្យុងយ៉ាង បានបាញ់តេស្តអាវុធនៅលើនាវាចម្បាំងថ្នាក់ Choe Hyon ដែលមានទម្ងន់៥០០០តោន កាលពីខែមេសា ឆ្នាំ២០២៥ ហើយនៅខែមិថុនា ឆ្នាំដដែល លោក គីម បានប្រកាសផែនការ ដើម្បីសាងសង់នាវាចម្បាំង destroyer ២គ្រឿងបន្ថែមទៀត នៅឆ្នាំ២០២៦នេះ និងដើម្បីដាក់ដំណើរការនាវា២គ្រឿង នៃថ្នាក់ដូចគ្នា ឬថ្នាក់ទំនើបជាងនោះ ជារៀងរាល់ឆ្នាំ៕
