អាជ្ញាធរខណ្ឌ៧មករា ចុះរដ្ឋបាលត្រួតពិនិត្យទីតាំងស្នាក់នៅជនបរទេស ឃាត់ខ្លួនមនុស្ស០៦នាក់ ពាក់ព័ន្ធនឹងបទល្មើសOnline Scam
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរដ្ឋបាលឆែកឆេរត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដែលមានទីតាំងផ្ទះលេខ៦ ផ្លូវ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំពី លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងតំណាងអយ្យការផងដែរ។

ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាបកម្លាំងសមត្ថកិច្ច ត្រួតពិនិត្យជាក់ស្តែង ទីតាំងខាងលើនេះ ឃាត់ខ្លួនជនបរទេសសរុបចំនួន ០៦នាក់ (ស្រីម្នាក់) និង ដកហូតសម្ភារៈមួយចំនួនរួមមាន៖ ទូរស័ព្ទដៃបម្រើការងារចំនួន ៤គ្រឿង, កំព្យូទ័រ all in one ១គ្រឿង,monitor ៩គ្រឿង និងធុង CPU 4។

កម្លាំងជំនាញបានបញ្ជាក់ថា ជនសង្ស័យខាងលើប្រើប្រាស់ប្រទេសកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើស ឆបោក online Scam ក្រោមរូបភាពបង្កើត Website លក់ឥវ៉ាន់ក្លែងក្លាយ តាមរយៈការបើកហាងទីផ្សារ ក្លែងក្លាយ មានគោលដៅទៅតៃវ៉ាន់ នឹង ប្រទេសចិន។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំងអស់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីបន្តនីតិវិធីច្បាប់៕