ធនាគារអ៊ីរ៉ង់ធំៗ ៤ រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ស្របពេលអាមេរិកនិងអ៊ីរ៉ង់ពន្លឿនការចរចា
ធនាគារអ៊ីរ៉ង់យ៉ាងហោច៤ រងការវាយប្រហារតាមអ៊ីនធឺណិត ដែលបណ្តាលឲ្យមានការរអាក់រអួលប្រព័ន្ធហិរញ្ញវត្ថុ ស្របពេលដែល ប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកពន្លឿនការចរចាលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេលជាង១០០ថ្ងៃ។

សេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ីរ៉ង់ WANA ដោយដកស្រង់ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រុមប្រឹក្សាសម្របសម្រួលនៃធនាគារអ៊ីរ៉ង់ បានឲ្យដឹងថា ការរអាក់រអួលនាពេលថ្មីៗនេះដែលប៉ះពាល់ដល់ប្រព័ន្ធនៃស្ថាប័នហិរញ្ញវត្ថុធំៗចំនួនបួនគឺបណ្តាលមកពីការវាយប្រហារតាមអ៊ីនធឺណិត។
ស្ថាប័នធនាគារធំៗរបស់អ៊ីរ៉ង់ ដែលរងផលប៉ះពាល់ រួមមាន ធនាគារ Melli ធនាគារ Tejarat ធនាគារ Saderat និង ធនាគារអភិវឌ្ឍន៍ការនាំចេញរបស់អ៊ីរ៉ង់។
ក្រុមប្រឹក្សានោះ បាននិយាយថា «ភ្លាមៗនៅពេលរកឃើញសកម្មភាពខុសប្លែកពីធម្មតា ក្រុមបច្ចេកទេសបានអនុវត្តវិធានការការពារ និងបង្ការចាំបាច់ ដើម្បីការពារទិន្នន័យអតិថិជន និងហេដ្ឋារចនាសម្ព័ន្ធធនាគារ»។
ការវាយតម្លៃផ្នែកបច្ចេកទេសបានបញ្ជាក់ថា គ្មានការចូលប្រើប្រាស់ទិន្នន័យរបស់អតិថិជនដោយគ្មានការអនុញ្ញាតទេ ហើយគ្មានការលេចធ្លាយទិន្នន័យត្រូវបានរកឃើញទេ។
ក្រុមប្រឹក្សាបានធានាដល់សាធារណជនថា ហេដ្ឋារចនាសម្ព័ន្ធទាំងអស់បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់អ្នកជំនាញបច្ចេកទេស ជាមួយនឹងការធានា និងការស្ដារឡើងវិញនូវប្រព័ន្ធមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
សេចក្តីថ្លែងការណ៍បានបញ្ចប់ថា «អាទិភាពកំពូលរបស់យើងនៅតែរក្សាសុវត្ថិភាព និងភាពឯកជនរបស់អតិថិជនរបស់យើង ហើយសេវាកម្មធនាគារនឹងត្រលប់មកធម្មតាវិញក្នុងរយៈពេលដ៏ខ្លីបំផុត»។
ប្រទេសអ៊ីរ៉ង់បានដាក់លក្ខខណ្ឌទាមទារដ៏ខ្លាំងក្លាមួយជាមួយសហរដ្ឋនិងសម្ព័ន្ធឲ្យដោះលែងទឹកប្រាក់ប្រមាណ២៤ពាន់លានដុល្លារដែលបានបង្កកក្រោមទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដែលមានបំណងផលិតអាវុធនុយក្លេអ៊ែរ។ ក្នុងការចរចាថ្មីៗនេះ អ៊ីរ៉ង់គឺទាមទារឲ្យមានការដោះលែងសាច់ប្រាក់យ៉ាងហោចពាក់កណ្តាល ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហើយ ការដោះលែងផ្សេងទៀតនឹងធ្វើឡើងក្រោយការបញ្ចប់ការចរចាជាផ្លូវការ៕

