កប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
កប៉ាល់ពាណិជ្ជកម្មថៃ មួយគ្រឿង ត្រូវស៊ីគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz ព្រោះតែព្រហើនធ្វើដំណើរ ឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្រ្តមួយនេះ មិនអើពើនឹងការព្រមានរបស់ កងឆ្មាំបដិវត្តន៍ (IRGC)។

តាមការផ្សាយរបស់ Times of Israel នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ IRGC បានកំណត់គោលដៅ និងវាយប្រហារកប៉ាល់នេះ កាលពីថ្ងៃសុក្រ ព្រោះកប៉ាល់ព្រងើយកន្តើយ ទោះមានការព្រមានតាមប្រព័ន្ធវិទ្យុទាក់ទង ជាច្រើនលើកច្រើនសាក៏ដោយ ហើយព្យាយាមឆ្លងកាត់ផ្លូវទឹក ទាំងដែលមិនសុំការអនុញ្ញាត ពីទីក្រុងតេហេរ៉ង់ ទាល់តែសោះ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតទេថាតើ មាននាវិកប៉ុន្មាននាក់ នៅលើកប៉ាល់នោះ ហើយមាននរណាម្នាក់ រងគ្រោះដែរឬទេ?

ជុំវិញការវាយប្រហារនេះ IRGC ក៏ផ្តាំផ្ញើផងដែរថា កប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មណាក៏ដោយ ដែលចង់ឆ្លងកាត់ច្រកយុទ្ធសាស្រ្តនេះ ត្រូវតែសុំការអនុញ្ញាតជាដាច់ខាតជាមុនសិន ពីអាជ្ញាធរកងទ័ពជើងទឹកអ៊ីរ៉ង់។
កាលពីខែមីនា កប៉ាល់ដឹកទំនិញថៃឈ្មោះ Mayuree Naree មាននាវិក២៣នាក់ ក៏រងការវាយប្រហារ ដោយគ្រាប់មីស៊ីល របស់កងទ័ពជើងទឹក IRGC ផងដែរ នៅច្រក Hormuz បណ្តាលឲ្យនាវិក ៣នាក់ស្លាប់។ កប៉ាល់នោះ ចេញដំណើរពីកំពង់ផែ Khalifa នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម សំដៅទៅកាន់ប្រទេសឥណ្ឌា។

នៅព្រឹកថ្ងៃទី១១ ខែមីនា ពេលកំពុងធ្វើដំណើរឆ្លងកាត់ច្រក Hormuz, គ្រាប់មីស៊ីលអ៊ីរ៉ង់ បានបាញ់ចំផ្នែកខាងក្រោយ បណ្តាលឲ្យផ្ទុះ និងឆាបឆេះយ៉ាងខ្លាំងនៅក្នុងបន្ទប់ម៉ាស៊ីន។
ពាក់ព័ន្ធហេតុការណ៍នោះ អ៊ីរ៉ង់ បញ្ជាក់ថា កប៉ាល់ថៃ បានផ្គើនមិនស្តាប់ការព្រមាន ហើយព្យាយាមបើកឆ្លងកាត់ផ្លូវទឹកដោយគ្មានការអនុញ្ញាត ក្នុងអំឡុងពេលដែលទីក្រុងតេហេរ៉ង់ ប្រកាសបិទ៕