រដ្ឋមន្ត្រីប្រៃសណីយ៍ ៖ ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសនេះអាចខាតបង់ចំណូលរាប់រយលានដុល្លារ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជា វ៉ណ់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងនៅលើបណ្តាញសង្គម Facebook នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ថា ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។

ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ចាក់ថា លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន។

ការលើកឡើរបស់ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ធ្វើឡើងភ្លាមៗ នៅក្រោយពេលដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ។

សម្តេចធិបតីបានបញ្ជាក់នៅលើបណ្តាញសង្គមថា ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើនពាក់ព័ន្ធនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃមួយចំនួន ឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង