សៀមរាប ព្រះសីហនុ តាខ្មៅ ត្បូងឃ្មុំ ពញាក្រែក ជាក្រុង-ស្រុកដែលជាប់ពាន«ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន» និងជាតំបន់មាន«ទឹក ដី ខ្យល់»ស្អាត
ភ្នំពេញ៖ ទីក្រុងចំនួន៣ និងស្រុកចំនួន២របស់កម្ពុជា បានជាប់ពានរង្វាន់ជាទីក្រុងមាននិរន្តរភាពបរិស្ថានអាស៊ាន (ASEAN ESC AWARD) និងត្រូវបានទទួលស្គាល់ថាជាតំបន់មានដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។ ក្នុងនោះមាន ក្រុងសៀមរាប ខេត្តសៀមរាប,ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ,ក្រុងតាខ្មៅ នៃខេត្តកណ្ដាល,ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក នៃខេត្តត្បូងឃ្មុំ។
បើតាមក្រសួងបរិស្ថាន ក្រុងសៀមរាប នៃខេត្តសៀមរាប បានជាប់ពានរង្វាន់ ជាទីក្រុងមាននិរន្តរភាពបរិស្ថានឆ្នាំ២០២៥ ក្នុងតំបន់អាស៊ាន។ ចំណែកឯ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ បានទទួលវិញ្ញាបនបត្រទទួលស្គាល់ថា ជាទីក្រុងមានសេដ្ឋកិច្ចចក្រា និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ ជាទីក្រុងមានទឹកស្អាត។ រីឯទីប្រជុំជនស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក នៃខេត្តត្បូងឃ្មុំ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ថា ជាតំបន់មានខ្យល់ស្អាត និងទឹកស្អាត។
ពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ក្រុង-ស្រុកទាំង៥ កម្ពុជាទទួលបាននាពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ដែលរៀបចំឡើងនៅថ្ងៃទី៣ ខែកញ្ញា ក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៨ នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមពីលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអគ្គលេខាធិកាអាស៊ានផងដែរ។
លោក អ៊ាង សុផល្លែត អះអាងថា នេះជាជោគជ័យរបស់កម្ពុជាលើឆាកអន្តរជាតិ ដែលទទួលបានពីការអនុវត្តយុទ្ធសាស្រ្តចក្រ្កាវិស័យបរិស្ថាន «ភាពស្អាត បៃតង និងចីរភាព» ធានាឱ្យបាននូវចីរភាព និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ច និងបង្កើនគម្របបៃតង និងក្លាយជាប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថានបង្កើតយុទ្ធនាការជាច្រើន ទប់ស្កាត់ការបំពុលបរិស្ថាន ផ្ដោតលើផ្ទៃដី ផ្ទៃទឹក និងផ្ទៃមេឃស្អាត ដែលមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបរិស្ថានកម្ពុជាស្អាត និងសុខុមាលភាពពលរដ្ឋ។ ក្នុងនោះមានដូចជា យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមប្រមាណ១១លានអង្គ/នាក់,យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមប្រមាណ៦លានអង្គ/នាក់ និងយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក»។
ក្រៅពីសម្អាតបរិស្ថានតាមរយៈយុទ្ធនាការនានា ក្រសួងក៏បានជំរុញការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកពីវិស័យឧស្សាហកម្ម ដោយបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ នៅតាមរោងចក្រសហគ្រាសជាច្រើនផងដែរ។ គិតត្រឹមខែសីហា មានរោងចក្រចំនួន៥២កន្លែងបានចុះកិច្ចសន្យាជាមួយក្រសួងរួចរាល់ ដើម្បីបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ និងការបំពុងនានា។
ចំណែកឯការបំពុលខ្យល់ ក្រសួងបានអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដោយបំពាក់ឧបករណ៍ និងស្ថានីយពិនិត្យគុណភាពខ្យល់ស្វ័យប្រវត្តិចំនួន៥៩កន្លែង រថយន្តចល័ត៣គ្រឿង និងឧបករណ៍ពិនិត្យគុណភាពខ្យល់ពីផ្កាយរណប១គ្រឿងផងដែរ៕