ឃាត់ខ្លួនមនុស្ស ៤០នាក់ ពាក់ព័ន្ធករណីលួចឆក់ត្រីក្នុងតំបន់អភិរក្សហាមឃាត់ (អតីតឡូត៍លេខ២) បឹងទន្លេសាប

យ៉ាងហោចណាស់ ក៏មានមនុស្សចំនួន ៤០ នាក់ ត្រូវបានឃាត់ខ្លួនក្នុងចំណោមមនុស្សរាប់រយនាក់ ខណៈដែលពួកគេបានលបលួចចូលទៅធ្វើសកម្មភាព ឆក់ត្រីនៅក្នុងតំបន់អភិរក្ស (អតីតឡូត៍លេខ២) នាបឹងទន្លេសាប ដែលជាតំបន់ហាមឃាត់។

កិច្ចប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងដោយកម្លាំងយោធា ដែលប្រចាំការនៅបឹងទន្លេសាប ហើយការបង្ក្រាបនេះគឺឃាត់ខ្លួនបានតែមនុស្សមួយចំនួនប៉ុណ្ណោះ ដោយឡែកមនុស្សជាង ១០០ នាក់ទៀត បានរត់គេចខ្លួន មូលហេតុគឺដោយ សារតែកម្លាំងយោធាតិច ហើយអ្នកប្រព្រឹត្តបទល្មើសច្រើន រីឯការបង្ក្រាបនេះធ្វើឡើងចាប់តាំងពីថ្ងៃទី ១៦ រហូតមកទល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការដំបូង គឺនៅថ្ងៃទី ១៦ ជនប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនអស់ប្រមាណ ១២០ នាក់ លុះនៅថ្ងៃទី ១៧ ជនប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនទាំងអស់ ១២ នាក់ លុបដល់ថ្ងៃទី ១៨ ខែមិថុនានេះ កម្លាំងយោធាបានបើកកិច្ចប្រតិបត្តិការមួយលើកទៀត ទើបឃាត់បានសរុប ៤០ នាក់ និងរត់រួចអស់ចំនួន ៣០ នាក់។ សកម្មភាពនៃការឆក់ត្រីប្រភេទឆក់ក្តៅនេះ បានធ្វើឡើងនៅក្នុងតំបន់អភិរក្សអតីតឡូត៍ លេខ ២ ហើយប្រជាពលរដ្ឋដែលចូលមកធ្វើសកម្មភាពភាគច្រើនមកពីភូមិ កំពុងប្រហុក និងភូមិ ថ្ងៃ ដែលស្ថិតនៅជាប់នឹងព្រំប្រទល់ឡូត៍លេខ ២ ក្នុង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។មកទល់នឹងល្ងាចថ្ងៃទី ១៨ ខែមិថុនា ជនប្រព្រឹត្តិបទល្មើសទាំង ៤០ នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងយោធាបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយនៅពេលនេះដែរកម្លាំងកងរាជអាវុធហត្ថ និងកម្លាំង ACU កំពុងធ្វើការរួមគ្នាដើម្បីសាកសួរ។

ដោយឡែកលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកមិនបានដឹងទាល់តែសោះអំពីកិច្ចប្រតិបត្តិការបង្ក្រាបរបស់កម្លាំងយោធា។ រីឯលោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្ត ក៏បានបញ្ជាក់ដែរថា នៅពេលនោះលោកកំពុងឡើងទៅប្រជុំនៅភ្នំពេញ ហើយក៏ជាថ្ងៃដែលមន្ត្រីរបស់លោកឡើងមករួមប្រជុំនៅក្នុងខេត្តផងដែរ ដូច្នេះលោកក៏មិនបានដឹងដែរ ប៉ុន្តែលោកនឹងហៅមន្ត្រីរបស់លោកដែលឈរជើងនៅតំបន់នោះមកសួរនាំ បើមានការពាក់ព័ន្ធលោកមិនលើកលែងជាដាច់ខាត។ ព្រោះនៅក្នុងតំបន់អភិរក្សឡូត៍លេខ ២ នោះ មានកម្លាំងឈរជើងចំរុះជាច្រើនស្ថាប័ន ដូច្នេះមិនគួរណាជនប្រភេទបទល្មើសចូលទៅធ្វើសកម្មភាពរាប់រយនាក់បានយ៉ាងងាយដូច្នេះដែរ៕

អត្ថបទដែលជាប់ទាក់ទង